ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។
គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀល ដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺ KH0393។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំ ធ្វើការកឹបសៀលរាល់ពេលមុនព្រលែង ចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀល សម្គាល់អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕