សិល្បៈ និង កម្សាន្ត

រឿងចាស់ទើបតែស្ងាត់ ឥលូវ ចូលរឿងថ្មីមួយទៀត! អ្នកនាង សូ ដានីតា ប្រកាសរកមុខអ្នកលេងតុងទីន ដេញយកលុយ រត់បាត់ ជិត ៦០ ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនីឆ្នើម អ្នកនាង សូ ដានីតា នៅតែមានបញ្ហារឿងគេឆបោកលុយកាក់មិនចេះចប់មិនចេះហើយ បើទោះជាមួយរយៈនេះ នាងស្ងាត់មិនរំឮករឿង​ តារាសម្ដែង សឿ សុធារ៉ា ជំពាក់លុយជិត ៤ម៉ឺនដុល្លារ មិនទាន់សងយ៉ាងណាក៏ដោយ ស្រាប់តែថ្មីៗនេះ នាងបានធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាថ្មី តាមរយៈសារនៅលើគណនីហ្វេសប៊ុក ដែលនាងបានប្រកាសរកបុគ្គលដែលលេងតុងទីនជាមួយគ្នា ដេញយកលុយរួចបែរជារត់បាត់មិនសង។

តាមការបង្ហោះរបស់តារាសម្ដែង សូ ដានីតា បានឱ្យដឹងថា សរុបទឹកប្រាក់ទាំងការ ទាំងដើមមានរហូតដល់ទៅជិត ៦០ ម៉ឺនដុល្លារឯណោះ។

សូ ដានីតា បានរៀបរាប់ថា «ខ្ញុំសូមប្រកាសរកមនុស្សម្នាក់នេះ ជាលើកទី ២ ចូលខ្លួនដោះស្រាយ រឿងលេងតុងទីន ដេញយកលុយទៅ មិនសង រត់បាត់។ សរុបទឹកប្រាក់ (ការ+ដើម ជិត ៦០ ម៉ឺន$$$)
បញ្ជាក់ នៅសល់កូនបោក ចំនួន ១៣ នាក់ទៀត និង កូនតុងទីន ចរចាខ្យល់មិនសងទៀត បើបងប្អូនណា បានស្គាល់ជួយប្រាប់មកនាងខ្ញុំផង សូមអរគុណ!» ។

ដូចដែលមហាជនបានជ្រាបរួចមកហើយថា ពិធីការិនី សូ ដានីតា កាលពីប្រមាណជាង ៣ខែមុន ធ្លាប់បានប្រាប់ថា អ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួនចំនួនជិត ៤ម៉ឺនដុល្លារ ហើយព្យាយាមគេចមិនវេសមិនដោះស្រាយ បើទោះជាអ្នកនាង សូ ដានីតា ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ឬឆាត ក៏តួឯកស្រីក្នុងរឿង «ព្រះគោព្រះកែវ» មិនឆ្លើយតបដែរ ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាង សូ ដានីតា នៅលើគណនីហ្វេសប៊ុករបស់នាង ។

យ៉ាងណាមិញ សម្រាប់ករណីថ្មីមួយទៀត ដែល តារាសម្ដែង សូ ដានីតា ទើបតែបានទម្លាយថា អ្នកលេងតុងទីន ដេញយកលុយទៅ មិនសង រត់បាត់ សរុបទឹកប្រាក់ទាំងដើម ទាំងការ ជិត ៦០ម៉ឺនដុល្លារនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ។ ព្រោះនេះមិនមែនជាលើកទីមួយឡើយសម្រាប់ អ្នកនាង សូ ដានីតា ដែលជួបតែរឿងមិនល្អជុំវិញហិរញ្ញវត្ថុរបស់នាង ៕ ដោយ៖ ម៉ានី

Most Popular

To Top