តារាប្រុសស្រី២រូប ដែលប្រជាជនកម្ពុជា តែងហៅថា Dingdong Dantes (សូជីអូ) និង Marian Rivera (ម៉ារីម៉ា) គឺជាគូស្នេហ៍តារាគំរូ ប្រចាំប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យមហាជនជាច្រើន លួចច្រណែន សរសើរនឹងស្នេហាភក្ដីរបស់អ្នកទាំង ២ជាខ្លាំង។

បន្ទាប់ពីផ្ដើមស្នេហ៍នឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមក ក្ដីស្រឡាញ់ដែលអ្នកទាំង២ មានឲ្យគ្នា កាន់តែមានទំហំធំធេង បើទោះមានកូន ២ ទៅហើយក្ដី ខុសពីប្ដីប្រពន្ធផ្សេងទៀត។ កត្តានេះបានធ្វើឲ្យគ្រប់គ្នា ហាក់ចង់ដឹងពីគន្លឹះថែរក្សាចំណងស្នេហ៍ ឲ្យនៅស្ថិតស្ថេរដូចពួកគេណាស់។

ឆ្លើយតបនឹងចម្ងល់នេះ Marian Rivera ឬម៉ារីម៉ា និយាយថា៖ “ខ្ញុំជឿថា ស្នេហាមិនមែនកើតចេញ ពីមនុស្សតែម្នាក់នោះទេ ទាល់តែមនុស្ស២នាក់បង្កើតរួមគ្នា ទើបវាអាចក្លាយជាក្ដីស្រឡាញ់ពិតប្រាកដ។ ជាបទពិសោធខ្ញុំផ្ទាល់ ប្រសិនបើស្រឡាញ់មនុស្សម្នាក់ យើងត្រូវតែហ៊ានប្ដូរផ្ដាច់ ប្រគល់ក្ដីស្រឡាញ់ ឥតលាក់លៀមទៅកាន់ម្នាក់នោះ ដូចនេះទើបចុងបញ្ចប់យើងមិនស្ដាយក្រោយ”។

ទោះជាយ៉ាងណាសុភមង្គលពិតប្រាកដ ត្រូវតែកើតចេញពីភាគីទាំងសងខាង ហើយច្បាស់ណាស់ជីវិតស្នេហា តែងតែមានរឿងរ៉ាវល្អក់កករ ប៉ុន្តែវានឹងនៅតែរស់រាន ដរាបណាដៃគូទាំង២ ចេះយល់ពីគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក។

សម្រាប់ប្ដីប្រពន្ធ សូជីអូ ម៉ារីម៉ា និងកូនប្រុសស្រីវិញ តែងផ្ដល់ភាពកក់ក្ដៅឲ្យគ្នា និងឆ្លៀតចំណាយពេល មានតម្លៃជាមួយគ្នាក្នុងឱកាសពិសេសជានិច្ច ហើយនេះក៏ជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព ក្នុងការរឹតចំណងសុភមង្គលក្នុងគ្រួសារដែរ៕ Source: Sabay


