ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ ក្រោយពីបានរៀបការ ជាមួយកូនស្រីថៅកែ ម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ចាមរួចមក ឃើញថា ជីវិតរបស់លោកកំពុង រស់នៅយ៉ាងមានសុភមង្គលបំផុត ។

ជាមួយគ្នានេះផងដែរ គេដឹងថា ជីវិតប្ដីប្រពន្ធរបស់ម្ចាស់បទ «ឈឺចាប់ទុកមុន» រូបនេះ តែងតែបង្ហាញពីភាពផ្អែម តាមរយៈបណ្ដាញសង្គម ដែលនាំឱ្យមានពាក្យ ពោលសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ទៅលើសុភមង្គលរបស់គេទាំងពីរ ។

តួយ៉ាងកាលពីពេលថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ និងភរិយា បានធ្វើឱ្យអ្នកគាំទ្រ ស្ញើចសរសើរយ៉ាងខ្លាំង ទៅលើកាយវិកាដ៏ផ្អែមល្ហែម របស់ពួកគេទាំងពីរនាក់ ដែលសកម្មភាពនេះ ក៏ត្រូវបានគេដឹងថា ពុំមែនជាការសម្ដែងនៅក្នុង MV បទចម្រៀងឡើយ ។

ផ្ទុយទៅវិញ អ្វីដែលកាន់តែចាប់ អារម្មណ៍ថែមទៀតនោះ គឺភ្ជាប់ជាមួយរូបថតផ្អែមល្ហែមប៉ុន្មានសន្លឹកនោះ លោក ឆាយ វិរៈយុទ្ធ បានសរសេរសំណេរបង្ហាញ ឱ្យដឹងថា គឺលោកបានទិញ ដីជាកាដូ សម្រាប់ភរិយារបស់លោក ដោយកន្លងមក ភរិយារបស់លោក តែង ប្រាថ្នាចង់បានដីមួយកន្លែង ដែលមានទេសភាព ស្អាត មានភ្នំ អាកាសធាតុត្រជាក់ មានទឹកហូរមិនដាច់ ដើម្បីជាកន្លែងអាចសរសេរ បទចម្រៀងបាន ។

គួរបញ្ជាក់ថា តារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ បង្កើតជីវិតគ្រួសារ ជាមួយភរិយារបស់លោកឈ្មោះ សែ ចាន់ឌី កាលពីឆ្នាំ ២០១៨ ព្រមទាំងទទួលបាន ចំណងដៃកូនស្រី ដ៏គួរឱ្យស្រឡាញ់ម្នាក់ទៀតផង ។ សែ ចាន់ឌី មិនត្រឹមតែជាកូនស្រីថៅកែ រោងម៉ាស៊ីនកិនស្រូវ ដ៏ធំប្រចាំនៅខេត្តកំពង់ចាម ប៉ុណ្ណោះទេ នាងក៏ជាអ្នកនិពន្ធទំនុកចម្រៀង នៅផលិតកម្មសាន់ដេផងដែរ ៕
ដោយ៖ ម៉ានី

