កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ឌីជេលោក Park Myung Soo បានផ្អាកកាលវិភាគរបស់លោកទំាងអស់ ដោយសារតែមានការសង្ស័យ អំពីជំងឺ COVID-19 បន្ទាប់ពីទទួលយកឧបករណ៍ ធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ។
យោងតាមរបាយការណ៍ថា លោក Park Myung Soo បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 បន្ទាប់ពីទទួលយកឧបករណ៍ ធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ហើយបច្ចុប្បន្នលោកកំពុងរង់ចាំ លទ្ធផលចុងក្រោយ នៃការធ្វើតេស្តិ៍ PCR ។ លោកត្រូវបានគេចាក់ថ្នាំបង្ការ ប៉ុន្តែនៅតែមានអារម្មណ៍ថា មានរោគសញ្ញាតិចតួច មុនពេលធ្វើតេស្តិ៍របស់លោក។
អ្នកតំណាងម្នាក់បាននិយាយថា បច្ចុប្បន្នលោកកំពុងនៅដាច់ដោយឡែកពីគេ បន្ទាប់ពីលុបចោលកាលវិភាគរបស់លោក ហើយលទ្ធផលតេស្តិ៍ PCR មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ លោក Park Myung Soo តែងតែធ្វើជាម្ចាស់ផ្ទះ ‘Park Myung Soo’s Radio Show’, ‘Korean Foreigners’ របស់ MBC Every1 និង ‘Saturday Food is Good’ របស់ E-channel ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពី Park Myung Soo៕ ដោយ៖លី ភីលីព