ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Bangkok post បានប្រាប់ឲ្យដឹងថា មិត្តស្និទ្ធស្នាលរបស់តារាសម្តែងទូរទស្សន៍ Nida “Tangmo” Patcharaveerapong បានចេញមុខរិះគន់ អ្នកគ្រប់គ្រងតារារូបនេះ ដោយចោទប្រកាន់នាងថា បានបំភ្លៃការពិតជុំវិញ ការស្លាប់របស់នាង Tangmo ។
Surattanawee “Bow TK” Suviporn អតីតតារាចម្រៀងក្រុមចម្រៀងប៉ុប Triumphs Kingdom បានផ្តល់សក្ខីកម្មសាក្សី ដល់ប៉ូលីសស៊ើបអង្កេត កាលពីយប់ថ្ងៃព្រហស្បតិ៍។ នាង Tangmo អាយុ ៣៧ ឆ្នាំបានបាត់ខ្លួនពីទូកលឿនដែលនាង និងមិត្តភ័ក្តិមួយក្រុម បានជិះនៅលើទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយនាងត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់។
ក្រោយមក នាង Surattanawee បាននិយាយទៅកាន់អ្នកសារព័ត៌មាន អំពីការជួបរបស់នាងជាមួយ Idsarin “Gatick” Juthasuksawat នៅក្លិប NBC Boat Club ជាកន្លែងដែលទូកលឿនត្រូវបានរក្សាទុក បន្ទាប់ពីសោកនាដកម្ម កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
លោក Idsarin ជាអ្នកគ្រប់គ្រងរបស់ Tangmo និងជាមិត្តម្នាក់ក្នុងចំណោម ៥នាក់របស់នាង នៅលើកប៉ាល់ល្បឿនលឿន នៅពេលនាងធ្លាក់ចូលទៅក្នុងទន្លេ។
កញ្ញា Surattanawee បាននិយាយថា នាងទើបតែទម្លាយភាពស្ងៀមស្ងាត់ ខណៈនាងចង់រង់ចាំនាង Idsarin ចេញសេចក្តីថ្លែងការណ៍ជាមុនសិន ហើយអ្វីដែលអ្នកគ្រប់គ្រងរបស់ Tangmo និយាយមិនត្រូវនឹងអ្វី ដែលនាងបានឮ។ នាង Surattanawee បាននិយាយថា នាងជឿថា ការពិតជុំវិញសោកនាដកម្មនេះ ត្រូវបានបំភ្លៃ។ នាងបានមកដល់ឃ្លាំង ទូកជាកន្លែងចតទូកលឿន ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃនោះ ហើយគ្រប់គ្នាហាក់ដូចជាស្ថិត ក្នុងស្ថានភាពតក់ស្លុត។
នាងបានទៅជាមួយនាង Idsarin ទៅកាន់ប៉ុស្តិ៍ប៉ូលីស ជាកន្លែងដែលនាងបាន ផ្តល់សេចក្តីថ្លែងការណ៍មួយ ហើយក្រោយមកបានបើកឡាន អ្នកគ្រប់គ្រងរបស់តារាទៅផ្ទះរបស់នាង។ នាងនៅក្នុងឡានជាមួយអ្នកគ្រប់គ្រង Tangmo ប្រហែលមួយម៉ោង ហើយនាងនឹងមិនបង្ហាញព័ត៌មានលម្អិត នៃការសន្ទនារបស់ពួកគេទេ។
កញ្ញា Surattanawee បាននិយាយថា នាងមានការខឹងសម្បារ បន្ទាប់ពីបានឮអ្វី ដែលអ្នកគ្រប់គ្រងរបស់ Tangmo និយាយអំពីហេតុការណ៍នេះ។ ក្រោយមកកញ្ញា Idsarin បានទាក់ទងនាងតាមទូរស័ព្ទ និងសុំទោសដែលបង្កបញ្ហា ហើយនាងបានប្រាប់នាង Idsarin ជាភាសាអង់គ្លេសថា ការពិតនឹងដោះលែងអ្នក៕ ដោយ៖លី ភីលីព