ភ្នំពេញ៖ បើគិតមកទល់ពេលនេះ មានរយៈពេលប្រមាណ ៧ ខែមកហើយ ដែលតារាប្រុស អេដវីន បានចេញពីពន្ធនាគារមានសេរីភាពវិញ ក្រោយពីមានរឿងអាស្រូវ ប្រើប្រាស់អំពើហិង្សា ទៅលើអតីតសង្សារចាស់ឈានដល់ការចាបខ្លួនឃុំឃាំង កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ។
ជាមួយគ្នានេះផងដែរ បើទោះជាមិនទាន់បានចូលប្រឡូកមកកាន់វិថីសិល្បៈជាថ្មីក៏ពិតមែន តែថ្មីៗនេះ អេដវីន ក៏បានបង្ហាញសកម្មភាព ដូចជាការបង្ហោះសារ និង រូបភាពមួយចំនួននៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបានប្តូរពីឈ្មោះ Edwin មកជា Ah Sah វិញនោះ។
ជាការពិតណាស់ ក្រោយពីជួបព្យុះភ្លៀងជាច្រើនកាលពីពេលកន្លងមក តារាសម្តែង អេដវីន ក៏តែងបង្ហោះសារលើកទឹកចិត្តដល់ខ្លួនជារឿយៗនៅលើគណនីហ្វេសប៊ុករបស់លោក។ ជាក់ស្តែងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ លោកក៏បានបង្ហោះសារមួយ អរគុណនូវរឿងអាក្រក់ ដែលបានអូសទាញលោកពីភក់ជ្រាំ ព្រមទាំងប្រកាសថានឹងមិនចាញ់ហ្គេមជីវិតនោះឡើយ។
លោក អេដវីន បានរៀបរាប់លម្អិតថា ៖ «រឿងអាក្រក់ៗ មិនចេះតែកើតឡើងចំពោះអ្នករហូតទេ។ សម្រាប់ខ្ញុំ ខ្ញុំសូមអរគុណចំពោះរឿងអាក្រក់របស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំជួបរាល់បញ្ហា និង ការឈឺចាប់ ហើយជម្នះរាល់ឧបសគ្គកន្លងមក។ សូមចងចាំថា បញ្ហាទាំងអស់វាអាចជាឱកាសសម្រាប់អ្នក ដូចជាខ្ញុំអ៊ីចឹង! បញ្ហា និង ការឈឺចាប់ គ្រប់ឧបសគ្គ ខ្ញុំអាចប្រឈមមុខជាមួយវា ហើយអរគុណវាដែលបានអូសទាញខ្ញុំចេញពីភក់ជ្រាំ។ កុំខ្លាច កុំគេចវេស រឹងមាំឡើង! បើអ្នកជួបបញ្ហា ឬ ការឈឺចាប់អ្វីមួយ ចូរកុំគិតខ្លី ងើបមុខឡើង ហើយជូតទឹកភ្នែកឱ្យស្អាត ធ្វើខ្លួនឱ្យឡូយ រួចឆ្លុះកញ្ចក់ ប្រាប់ខ្លួនឯងថា ហ្គេមមួយនេះខ្ញុំមិនអាចចាញ់ជាដាច់ខាត។ ហ្គេមជីវិត ពីខ្ញុំ P’WIN»។
គួរឱ្យដឹងផងដែរថា តារាប្រុសលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានប្រើប្រាស់អំពើហិង្សាទៅលើអតីតគូស្នេហ៍របស់ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា ។ ជាប់ឃុំក្នុងពន្ធនាគារបានមួយរយៈខ្លី ស្រាប់តែធ្លាយដំណឹងពីអ្នកនាង សុទ្ធ បញ្ជកា ថា លោក អេដវីន ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយក៏បានវិលទៅរួមស្នេហាជាមួយសង្សារចាស់វិញ ដែលទំនងជាកញ្ញា ឡុង ថាវរី ៕ ដោយ៖ ម៉ានី