ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី គួច ចន្ថា អនុប្រធានក្រុមការងារ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅ ទេសចរណ៍ផ្លូវទឹក។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់ របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុ កាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍ តាមកោះនានាក្នុងខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាល ខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។
ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍ វិសយ័ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឲ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឲ្យទីផ្សារទេសចរណ៍ ក្នុងខេត្តព្រះសីហនុ កាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាល តាមរយៈការខិតខំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕