បច្ចេកវិទ្យាកាន់តែដើរទៅមុខ ហើយគាប់ជួនបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នា ត្រូវការពាក់ម៉ាស់ទៀត ក្រុមហ៊ុន Dyson បានប្រកាសចេញ នូវកាសទប់សំឡេងរំខាន ភ្ជាប់មកជាមួយម៉ាស់មកស្រាប់ ។ វានឹងក្លាយទៅជាកាស ដែលចំលែកជាងគេនៅពេលនេះ ។ កាសនេះមានឈ្មោះថា Dyson bizarre ។

ចំពោះកាសផ្ទាល់ វាមានមុខងារទប់សំឡេង សំឡេងរំខានដល់ទៅ ៣បែប សម្រាប់ប្រើប្រាស់ ទៅតាមបរិបទផ្សេងៗគ្នា ។ ក្នុងនោះដែរ ប្រព័ន្ធទប់សំឡេង រំខាន របស់វាក៏មានភាពឆ្លាតវៃ ដោយអាចសម្គាល់ដឹង ពីសំឡេងស៊ីផ្លេ និងសំឡេងប្រកាស អាសន្នផ្សេងៗ ដើម្បីធានាដល់ សុវត្ថិភាពពេលប្រើប្រាស់ ។
ម៉ាស់របស់កាសនេះ ដំណើរការដោយកូនម៉ូទ័រប៊ឺតខ្យល់១គូ ស្រូបចូល និងឆ្លងកាត់នូវតម្រងខ្យល់ ដើម្បីឲ្យការដកដង្ហើម មានភាពងាយស្រួល និងបរិសុទ្ធល្អ ។ ហើយប្រសិនបើចង់ប្រើតែកាសទទេនោះ អ្នកអាចដោះចេញបាន ព្រោះគន្លឹះរបស់វាភ្ជាប់ដោយមេដែក ។

Dyson មិនបានបញ្ជាក់ច្រើនអំពី លក្ខណៈសម្បត្តិ របស់វាដូចជា ទំហំ ទម្ងន់ កម្លាំងថ្ម និងតម្លៃនោះទេ ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកាសនេះ ឡើងមកគឺដើម្បី ឲ្យការរស់នៅក្នុងពេលបច្ចុប្បន្ន កាន់តែមានផាសុខភាព ដោយចាកចេញឆ្ងាយពីការ រំខានដោយសំឡេង និងកង្វក់ខ្យល់ ៕
