ដោយព្រះទម្រង់អគ្គី ឬកាំភ្លើងជាអាវុធមួយ ដែលទេវនាយិកាឆ្នាំថ្មីឆ្នាំខាល ព្រះនាងកិរិណីទេវីទ្រង់កាន់នឹងព្រះហស្ថឆ្វេងតាមតម្រាសង្ក្រាន្តសូត្រ។ ហេតុដូច្នេះយើងនាំអារម្មណ៍ លោកអ្នកមកពិនិត្យមើលអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃកាំភ្លើងទាំងអស់គ្នា។
អ្នកទាំងអស់គ្នាប្រហែលជាគិតហើយថា ប្រសិនបើនិយាយអំពីកាំភ្លើង គេនឹងនិយាយពីតំបន់អ៊ឺរ៉ុប ពួកប្រទេសច្រមុះស្រួចដែលពួកផ្នែកច្នៃប្រឌិតបច្ចេកវិទ្យាផ្សេងៗ។ តែតាមពិតទៅកាំភ្លើង មានប្រភពកំណើតអំពី ប្រទេសចិន មហាមិត្តពាន់ឆ្នាំរបស់យើងទៅវិញទេ។ ភស្តុតាងអំពីការប្រើប្រាស់អាវុធ ស្រដៀងនឹងកាំភ្លើងយុគដំបូងៗ ត្រូវបានគេរកឃើញនៅប្រទេសចិន តាមរយៈចម្លាក់លើជញ្ចាំងល្អាងភ្នំមួយនៅខេត្តសេឈួន ដែលចម្លាក់នេះទំនងជាឆ្លាក់ក្នុងកំឡុងឆ្នាំ ១១០០។ ចំណែកឯកំាភ្លើងយុគដំបូង ដែលចាស់ជាងគេបំផុតលើពិភពលោក ត្រូវបានរកឃើញនៅ ហីឡុងជាង ភាគឥសានករប្រទេសចិន ជាឧបករណ៍បាញ់ធ្វើពីសំរិទ្ធ អាយុកាលក្នុងកំឡុងឆ្នាំ១២៨៨។ នៅតំបន់អារ៉ាប់មានការប្រើប្រាស់កាំភ្លើង ជាលើកដំបូងនៅចុងសតវត្សទី១៣ ហើយបន្តរីកសាយភាយដល់អ៉ឺរ៉ុបនៅសតវត្សទី១៤។
នៅសតវត្សទី១៤នេះផងដែរ កូរ៉េក៏ចាប់ផ្តើមទទួលបាន ចំណេះដឹងការផលិតកាំភ្លើងពីចិនមក។ ខណៈដែរខាងពួកអៀរ៉ង់ និងឥណ្ឌាចាប់ផ្តើមប្រើប្រាស់កាំភ្លើង នៅមុនសតវត្សទី១៥។ ដោយឡែកប្រជាជន នៅតំបន់អាស៊ីអាគ្នេយ៍វិញ ចាប់ផ្តើមប្រើប្រាស់កាំភ្លើងនៅពាក់កណ្ដាលសតវត្សទី១៥។ តាមពិតទៅប្រជាជន នៅតំបន់អាស៊ីអាគ្នេយ៍ដីកោះ បានស្គាល់នឹងប្រើប្រាស់កាំភ្លើង យុគដំបូងតាំងពីសតវត្សទី១៤មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ននៃការផលិត និងប្រើប្រាស់កាំភ្លើងត្រូវបានអភិវឌ្ឍនៅដើមសតវត្សទី១៦ តាមរយៈវត្តមានពួក ព័រទុយហ្គាល់ ខណៈដែលប្រទេសជប៉ុន ប្រើប្រាស់កាំភ្លើងជាលើកដំបូង នៅក្នុងសតវត្សទី១៦នេះផងដែរ។ នៅក្នុងកំឡុងសតវត្សទី១៩ និង២០ កាំភ្លើងវែងកាន់តែមានការអភិវឌ្ឍន៍ រហូតមកដល់សម័យទំនើបយើងនេះ ។
សូមជម្រាបថា មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្ត ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេន រក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី) ៕ Source: Sabay