ជាព័ត៌មានគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលកីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី មានមុខក្នុងកម្មវិធីប្រកួត Miss Universe Cambodia (បវរកញ្ញាចក្រវាលកម្ពុជា) ឆ្នាំ២០២២។ នេះបើតាមអ្វីដែលទំព័រហ្វេសប៊ុក Team Cambodia បានបង្ហោះ។

ហែមថុន វិទីនី ត្រូវបានគេស្គាល់ហើយថា ជាកីឡាការិនីហែលទឹកកម្ពុជា និងបច្ចុប្បន្នក៏ជាគ្រូបង្វឹកហែលទឹក ជម្រើសជាតិម្នាក់ដែរ ដែលប្រើចំណេះដែលខ្លួនមានបង្រៀនដល់ប្អូនៗជំនាន់ក្រោយ ឬអ្នកដែលមានមហិច្ឆតា ចូលប្រកួតកីឡាហែលទឹកលើឆាកជាតិ និងអន្តរជាតិ។

ពេលនេះ នាងបានវិវត្តខ្លួនមួយកម្រិតទៀត ដោយឈានជើងចូលប្រកួតក្នុងវិស័យបវរកញ្ញា ផ្អែកលើរូបសម្រស់អំណោយផលស្រាប់ តែរាងក៏សមឥតខ្ចោះ បន្ថែមដោយចំណេះដឹងទៀត ដូច្នេះគ្មានអ្វីដែលនាងត្រូវស្ទាក់ស្ទើរ ក្នុងការបោះជំហានថ្មីនេះទេ ៕



