ភ្នំពេញ៖ ទស្សនិកជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គទេពធិតាព្រះនាង កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលសម្ដែងក្នុងកម្មពិធីព្រះរាជពិធីផ្ទេរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ រៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិ (ទទក) កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ។
ចំណុចចាប់អារម្មណ៍ខ្លាំងបំផុតក្រៅតែពីកាយវិការសម្ដែងដ៏ទន់ភ្លន់សមសួនហើយនោះ គឺសម្រស់ដ៏លេចធ្លោរហូតធ្វើឱ្យមានទស្សនិកជនបុរសៗមួយចំនួនធំនិយាយលេងថា «បើសុំស្រឡាញ់ទេវតាតើមានបាបឬទេ?» ។
ជាពិតណាស់ម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី ៣ កញ្ញា ហេង រិនសុម៉ាលីតា គឺជាតួអង្គទេវតាឆ្នាំថ្មី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ព្រះនាម កិរិណីទេវី ។
ក្រៅពីមានសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិហើយនោះ កញ្ញា ហេង រិនសុម៉ាលីតា ក៏ត្រូវបានគេដឹងថា នាងមានសមត្ថភាព និងចំណេះដឹងខ្ពស់ ជាពិសេសគឺភាសាអង់គ្លេស ដោយនាងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រភាសាបរទេសពីមហាវិទ្យាស្ថានភាសាបរទេស IFL ថែមទៀតផង ។ លើសពីនេះ ស្រីស្រស់ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ ក៏បញ្ចប់ថ្នាក់បរិញ្ញាប័ត្រមួយជំនាញទៀតគឺ គ្រប់គ្រងអាជីវកម្មពីសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។
ជាពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ កញ្ញា ហេង រិនសុម៉ាលីតា ក៏មានការងារជា Cabin Crew (នារីបំរើលើយន្តហោះ) នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយផងដែរ ដែលជាការងារស្នូលរបស់នាង ក្រៅពីការងារជាតារាសម្ដែង តារាម៉ូឌែល ។ ហើយលើសពីនេះ នាងក៏ជាអ្នកចម្រៀង ដែលមានទឹកដមសំឡេងពីរោះមួយរូបផងដែរ ។
សូមបញ្ជាក់ថា កញ្ញា ហេង រិនសុម៉ាលីតា បានទទួលជ័យលាភីលេខមួយ នៅក្នុង ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ ដែលបានបញ្ចប់ជាស្ថាពរកាលពីរាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២ ៕ ដោយ៖ ម៉ានី


