ខេត្តរតនគីរី គឺជាខេត្តដែលសម្បូរ ទៅដោយភ្នំភ្លើងងាប់ជាច្រើន ពីអតីតកាល ដែលបច្ចុប្បន្នក្លាយទៅជាបឹងធម្មជាតិ ដ៏ស្រស់ត្រកាលជាច្រើន បានកំពុងតែលាក់ខ្លួនកណ្តាល ព្រៃស្ងាត់ជ្រងំស្ទើរគ្មានមនុស្ស ទៅលេងកម្សាន្ត ពោលបើនិយាយទៅដល់បឹង នៅរតនគីរីភាគច្រើន បងប្អូនប្រជាពលរដ្ឋខ្មែរ ភាគស្គាល់តែ បឹងយក្សឡោមប៉ុណ្ណោះ នៅថ្ងៃនេះSabay នឹងនាំទៅស្គាល់បឹងចំនួន ៣ផ្សេងទៀត ក្រៅពីបឹងយក្សឡោម ដែលមានសម្រស់ពុំចាញ់គ្នា ប៉ុន្មាននោះឡើយ៖
១.បឹងយក្សម៉ាយ
“បឹងយក្សម៉ាយ” ជាបឹងទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ដែលមានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរីនៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់ គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។

បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេ ក្នុងចំណោមបឹងជាច្រើន នៅក្នុងខេត្តរតនគិរី នឹងមានសម្រសស្រស់ស្អាត មិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះ មានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង។
ការធ្វើដំណើរទៅកាន់ បឹងយក្សម៉ាយទៀតសោត នៅរដូវប្រាំអាចប្រព្រឹត្តទៅ បានជាធម្មតា ជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ បើទោះជា បឹងយក្សម៉ាយជាបឹង ដែលកើតចេញពីមាត់ភ្នំភ្លើងដូចជា បឹងយក្សឡោមក៏ដោយ។


២.បឹងយក្សអោម ឬ បឹងភ្លោះ
បឹងយក្សអោម ដែលអ្នកស្រុកតែងហៅម៉្យាងទៀតថា «បឹងភ្លោះ» គឺជាប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដ៏ស្រស់ត្រកាល កើតចេញបន្ទុះភ្នំភ្លើងដូចគ្នា មានទីតាំងស្ថិតនៅ ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី និងមានចម្ងាយប្រមាណ ជា ៦៥ គីឡូម៉ែត្រ ពីវិមានឯករាជ្យ ក្រុងបានលុង។

ប្រសិនបើយើងនិយាយអំពីចំណុច ទាក់ទាញនៃរមណីយដ្ឋានបឹងយក្សអោម ដែលធ្វើអោយភ្ញៀវទេសចរ បំភ្លេចមិនបាននោះគឺសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតង សមស្របនឹងអាកាសធាតុអំណោយផល ដ៏សែនត្រជាក់ស្រស់ស្រាយ គួរជាទីមនោរម្យសម្រាប់ ភ្ញៀវទេសចរដែលលោកចូលចិត្ត បែបធម្មជាតិ ឮសំឡេងសត្វយំចេបៗ ជាទីឋានលម្ហែ ដ៏ស្ងប់ស្ងាត់ហាក់បីដូចជាអនុស្សាវរីយ៍ ដែលមិនអាចភ្លេចបានភ្លេច អស់នូវទុក្ខកង្វល់។
សម្រាប់ការធ្វើដំណើរ ដើម្បីទៅដល់ទីតាំង នៃរមណីយដ្ឋានបឹងយក្សអោម ភ្ញៀវទេសចរអាចនឹងត្រូវ ធ្វើដំណើរថ្មើរជើង តែមិនមានការធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកឡើយ រីកន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានបឹងយក្សអោម គឺពុំទាន់មានខ្យូសអង្គុយ ឬក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរដែរ ។បឹងយក្សអោមក៏ពុំទាន់មាន កន្លែងស្នាក់នៅសមស្រប ពុំទាន់មានបឹងហ្គាឡូ ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ ពោលគឺធម្មជាតិព្រៃភ្នំសុទ្ធសាធតែម្តង ។




៣.បឹងលំកុដ
បឹងលំកុដ ក៏ជាបឹងធម្មជាតិមួយ ដ៏ស្រស់ត្រកាល ហ៊ុមទ័ព្ធជុំវិញទៅដោយផ្ទាំងថ្មធំៗ មានម្លប់ត្រឈឹងត្រឈៃ កើតចេញពីបន្ទុះភ្នំភ្លើង មានទំហំ២៥ហិកតា ជំរៅប្រមាណជា៦០ម៉ែត្រ និងមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ចំងាយប្រហែល៥៤ គីឡូ ម៉ែត្រ ពីក្រុងបានលុង។

លក្ខណៈអេកូឡូហ្ស៊ីរបស់បឹងលំកុដ ដូចបឹងយក្សឡោមដែរ មាត់បឹងមានសណ្ឋាន ដូចរូបបេះដូង ហើយហ៊ុមទ័ព្ធជុំវិញ ទៅដោយផ្ទាំងថ្មធំៗ ភ្ញៀវទេសចរនឹង បំភ្លេចមិនបាននូវសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតង មិនចាញ់បឹងដទៃទៀតឡើយ ពោលគឺបឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ត្រកាល ស្ថិតនៅលើតំបន់ខ្ពង់រាប និងជួរភ្នំដែលគ្របដណ្តប់ ដោយព្រៃត្រូពិច មានពណ៌បៃតងជានិច្ច ។



បឹងលំកុដមានដើមឈើទ្រេតជាច្រើន ហាក់បី ដូចជាចង់ដួលរលំ ទៅលើផ្ទៃទឹកបឹង ដ៏ថ្លាពណ៌ខៀវស្រងាត់ ។ បឹងនេះ កើតឡើងពីបន្ទុះភ្នំភ្លើង បានផ្តល់ជាសំបុកមច្ឆជាតិតូចធំ ជាច្រើនប្រភេទ ។ បឹងនេះ គឺជាកន្លែងរស់នៅដ៏សុខសាន្ត របស់ជនជាតិដើមភាគតិចទំពួន ព្នង និងជនជាតិឡាវ ៕

Source: Sabay
