ភ្នំពេញ៖ បន្ទាប់ពីបង្ហាញរូបថត ដែលគេសង្ស័យងថាជារូបថត Pre-wedding កាលពីប៉ុន្មានថ្ងៃមុនរួចមកនេះ ស្រាប់តែនៅព្រឹកថ្ងៃទី ២៣ ខែមេសា នេះ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព អេដា បានដឹកដៃគូស្នេហ៍ ប្រារព្ធពិធីភ្ជាប់ពាក្យ ដោយមានការចូលរួមពី សំណាក់សាច់ញាតិ ព្រមទាំងមិត្តភក្ដិសិល្បៈ ផងដែរ ។

ពិធីភ្ជាប់ពាក្យតារាចម្រៀង អេដា និង គូដណ្ដឹង នៅព្រឹកនេះ ឃើញថាបានរៀបចំតុបតែងយ៉ាងល្អប្រណីតមិនចាញ់ពិធីមង្គលការតូចល្មមមួយប៉ុន្មានទេ ជាពិសេសគ្រាន់តែជប់លៀងភ្ជាប់ពាក្យ អេដា បានអញ្ជើញមិត្តភក្ដិ ក្នុងរង្វង់សិល្បៈ ដែលសុទ្ធសឹងតែជាតារាល្បីៗ ឱ្យចូលរួមធ្វើជាសក្ខីភាព ដល់គូស្នេហ៍របស់អ្នក ទាំងពីរទៀតផង ។

គូដណ្ដឹងរបស់ស្រីស្អាត អេដា ត្រូវបានគេស្គាល់ឈ្មោះថា តាន់ អេលែន ជាអ្នកជំនួញ ខ្មែរ-អាមេរិចកាំង មួយរូប ដែលមានមុខមាត់ធំនៅក្នុងប្រទេសកម្ពុជា ។ ហើយជាញឹកញាប់ គេឃើញបុរសម្នាក់នេះ និង អេដា បណ្ដើរគ្នាត្រសងចូលរួមកម្មពិធី ក៏ដូចជាថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នាទាំងនៅក្នុង និងក្រៅប្រទេសទៀតផង ។ យ៉ាងណាមិញ ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» នៅពុំទាន់បានបញ្ជាក់ថា នឹងសម្រេចចិត្តរៀបការ នៅពេលណាឡើយ ។

គួរឱ្យដឹងថា តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព អេដា និង គូស្នេហ៍ គិតមកដល់ពេលនេះបានទាក់ទងគ្នាដោយបើកចំហរយៈពេលជិត ៥ ឆ្នាំហើយ ពោលគឺពួកគេបានប្រកាស ជាប់ជំពាក់បេះដូងនឹងគ្នាតាំងពីកំឡុងឆ្នាំ ២០១៧ មកម្ល៉េះ ៕


ដោយ៖ ម៉ានី
