ភ្នំពេញ៖ តារាសម្ដែង សិទ្ធី នីកា តែងទទួលបានការលើកសរសើរ ពីមហាជន ដោយអ្នកនាង មិនត្រឹមតែមានទេពកោសល្យ ផ្នែកសិល្បៈយ៉ាងប៉ិន ប្រសប់ប៉ុណ្ណោះទេ ចំណែករូបសម្រស់ ដ៏ស្រស់ស្អាត រូបរាងតូចស្រឡូនដូចក្រមុំ ទោះបីជាតារាស្រីរូបនេះ រៀបការមានស្វាមី ហើយទាំងមានកូនប្រុសម្នាក់ ជាចំណងដៃរួចហើយក៏ដោយ ។

យ៉ាងណាក៏ដោយ បើទោះជាមានសម្រស់ស្អាតពីធម្មជាតិ និងជាអ្នកសិល្បៈយូរឆ្នាំ យ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រកម្រនឹងឃើញ សិទ្ធី នីកា ជ្រើសរើសសម្លៀក បំពាក់បែបសិចស៊ី យកមកស្លៀកពាក់ ហើយថតបង្ហោះលើបណ្ដាញសង្គម បង្ហាញជាសាធារណៈដែរ ។ ជាងនេះទៅទៀត ក្រោយពេលដែលនាង និងព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្រា ព្រះអង្គ នរោត្តម ចក្រពង្ស បានភ្ជាប់សម្ព័នភាពស្នេហា ជាមួយគ្នាហើយនោះ នាងកាន់តែប្រយ័ត្នប្រយែងខ្លាំង បំផុតទៅលើការស្លៀកពាក់ ជាពិសេសគឺពុំ ដែលជ្រើសសម្លៀកបំពាក់សិចស៊ីឡើយ ។

ជាមួយគ្នានេះដែរ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ពោលគឺចាប់តាំងពី សិទ្ធី នីកា ចូលប្រឡូកសិល្បៈ ក្រោយសម្រាលបានកូនប្រុសម្នាក់រួចមក នាងក៏បានប្ដូរមកស្លៀកពាក់បែបសិចស៊ី បង្ហាញសាច់ខ្ចី និងថតបង្ហោះជាសាធារណៈលើបណ្ដាញសង្គម បង្កឱិ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

ទោះជាយ៉ាងណាក៏ដោយ សម្រាប់រូបថតទាំងនោះ ពុំមែនជារូបថតបង្ហាញភាពសិចស៊ីខ្លាំងឡើយ បើធៀបទៅនឹងតារាស្រីមួយចំនួនធំ ប៉ុន្តែសម្រាប់ តារាសម្ដែង សិទ្ធី នីកា អាចចាត់ទុកជាការសិចស៊ី ព្រោះតែកន្លងៗមកនាង ពុំដែលបង្ហាញសាច់ខ្ចីឱ្យមហាជន បានឃើញដូចនេះឡើយ ។

គួរឱ្យដឹងផងដែរថា តារាសម្ដែង សិទ្ធី នីកា ពីសម្រាលបាន កូនប្រុសម្នាក់ កាលពីកំលុងខែ តុលា ឆ្នាំ ឆ្នាំ២០១៩ រួចមក ឃើញថាសម្រស់របស់នាង ហាក់ដូចជាកាន់តែស្រស់ស្អាតទ្វេរដង និងកំពុងឡើងកូដខ្លាំងទាំងជីវិតឯកជន និងអាជីពសិល្បៈ ។ ប៉ុន្តែតារាស្រីវ័យ ២២ឆ្នាំ ខាងលើនេះ ក៏ធ្លាប់បានបាត់មុខមួយរយៈចេញពីពិភពសិល្បៈ ពេលកំពុងចាប់ផ្ដើមស្នេហ៍ដំបូងជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែល ជាបុត្រាព្រះអង្គ នរោត្តម ចក្រពង្ស ៕



ដោយ៖ ម៉ានី
