ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យកាលពីថ្ងៃទី ០៥ កន្លងទៅតារាសម្តែងសម្បុរស្រអែម ម៉េច ម៉ារីកា មិនមានបំណងរៀបការទៀតឡើយពោលគឺ នាង និងអនាគតស្វាមីគ្រោងនឹងដឹកដៃគ្នាទៅរៀបការនៅសហរដ្ឋអាមេរិកតែម្តង ។
ដោយសារតែពិធីភ្ជាប់ពាក្យធ្វើឡើងបន្ទាន់ទើប ម៉េច ម៉ារីកា រៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនជាលក្ខណៈសាមញ្ញដោយ អញ្ជើញភ្ញៀវចូលរួមជប់លៀង ត្រឹមតែ ១០តុប៉ុណ្ណោះ ប៉ុន្តែយ៉ាងណានាងមានអារម្មណ៍រីករាយព្រោះជាថ្ងៃពិសេសដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន ។
ជាមួយគ្នានេះដែរ គេក៏ដឹងថា គូដណ្តឺងរបស់ តារាសម្តែង ម៉េច ម៉ារីកា គឺជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកហើយនៅទីនោះលោកក៏ជាម្ចាស់ក្រុមហ៊ុនម្នាក់ដែរ ហើយបើតាម ម៉េច ម៉ារីកា ធ្លាប់បានឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកថា នាងនិងអនាគតស្វាមីបានស្គាល់គ្នាប្រមាណជា ១០ឆ្នាំហើយតែទើបធ្វើការស្វែងយល់ចិត្តថ្លើមគ្នា មួយរយៈចុងក្រោយនេះប៉ុណ្ណោះ ។
យ៉ាងណាមិញ ម៉េច ម៉ារីកា មិនមានគម្រោងរៀបការនៅក្នុងស្រុកទេ ដោយនាងនិងគូដណ្តឹង នឹងមានគម្រោងរៀបការនៅសហរដ្ឋអាមេរិក គ្រាន់តែមិនទាន់ដឹងថាចាកចេញទៅទីនោះពេលណាឡើយ ។
គួរឱ្យដឹងថា តាមរយៈការសម្តែងទទួលតំណែងជាតួឯកនៅក្នុងភាពយន្តភាគរឿង «ព្រះធិនវង្ស និងនាងពៅ» បានធ្វើឱ្យតារាសម្តែង ម៉េច ម៉ារីកា កាន់តែមានសន្ទុះនៅក្នុងទីផ្សារភាពយន្ត ។ ហើយបើទោះបីជានាងបានភ្ជាប់ពាក្យហើយក្តី ប៉ុន្តែនាងនៅតែបន្តទទួលការងារសម្តែងដដែល រហូតនាងបានចាកចេញទៅសហរដ្ឋអាមេរិក៕
ដោយ៖ ម៉ានី





