ភ្នំពេញ៖ មួយរយៈខ្លីចុងក្រោយកន្លងទៅថ្មីៗនេះ ទស្សនិកជនបានចាប់អារម្មណ៍ទៅលើរឿងលែងលះគ្នា រវាងអតីតតារាម៉ូឌែល ទ្រិញ ផល្លារ និងស្វាមីគឺលោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ ។ ប៉ុន្តែបែកគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែដឹងដំណឹងថា គេទាំងពីរនាក់បានផ្សះផ្សាគ្នាវិញ បន្ទាប់ពីលោក ជីងចក់ ចេញមុខសូមទោស និងទទួលស្គាល់កំហុសជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។
ជាការពិតណាស់ អតីតតារាម៉ូឌែល ទ្រិញ ផល្លារ និងជាអ្នកលក់អនឡាញកំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន បានព្រមអត់ឱនទោសឱ្យលោក ជីងចក់ និងបន្តចាប់ដៃគ្នាជាប្ដីប្រពន្ធម្ដងទៀត ដោយពុំខ្វល់នឹងពាក្យសម្ដីមហាជនរិះគន់ថា «ការលែងលះគ្នាកន្លងមក គ្រាន់តែជាការសម្ដែងទាមទារចំណាប់អារម្មណ៍» ឡើយ ផ្ទុយទៅវិញ អ្នកនាង ទ្រិញ ផល្លារ បាននិយាយនៅក្នុងវីដេអូផ្សាយផ្ទាល់របស់នាងថា «រឿងប្តីប្រពន្ធ គ្រួសារ គ្មាននរណាយល់ក្រៅពីសាមីខ្លួនឡើយ…» ។
ជាមួយគ្នានេះដែរ សម្រាប់លោក ជីងចក់ ចាប់តាំងពីបានផ្សះផ្សាគ្នាជាមួយភរិយាមក លោកពុំដែលបង្ហាញសកម្មភាពផ្អែមល្ហែមដូចមុនឡើយនៅលើបណ្ដាញសង្គម ទើបតែថ្ងៃនេះប៉ុណ្ណោះ គេបានឃើញអ្នកអត្ថាធិប្បាយកម្មវិធីបាល់ទាត់រូបនេះ បង្ហោះរូបថតកៀកកើយ ឱបថើបអ្នកនាង ទ្រិញ ផល្លារ ហើយថែមទាំងបានបង្ហើកំណាព្យមួយឃ្លាដ៏មានន័យយ៉ាងដូច្នេះថា «ពេជ្យកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន ស្គាល់អស់សង្គមឆ្អែតលែងឃ្លាន លាឈ្មោះប្រុសព្រានក្លាយជាប្ដីល្អ» ។
គួរឱ្យដឹងថា លោក ជឿន ប៊ុនចក់ និងអ្នកនាង ទ្រិញ ផល្លា បានរៀបការជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីស្វែងយល់ចិត្តគ្នាមួយរយៈធំ ។ កាលពីប្រមាណកន្លះខែមុននេះ អ្នកនាង ទ្រិញ ផល្លា ចាប់បានស្វាមីលួចលាក់មានស្រី ខណៈពេលដែលនាងមានជម្ងឺទៅព្យាបាលនៅប្រទេសវៀតណាម ហើយនាងក៏បានប្រកាសលែងលះគ្នា ដោយអះអាងថា មិនទទួលយកលោក ជីងចក់ ជាប្ដីវិញដាច់ខាត ៕
ដោយ៖ ម៉ានី