ដូចប្រិយមិត្តជ្រាបខ្លះៗហើយ តារាសម្តែងចាស់វង្សារាជិនី សម្រស់អ្នកនាង លី ម៉ារីណា បានសម្រេចចិត្ត បញ្ចប់ចំណងស្នេហ៍ ចែកផ្លូវគ្នាដើរជាមួយ លោកសាត ចាន់ថន ជាស្វាមី ក្រោយពីរួមរស់ជាមួយគ្នា បង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលកាលនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ រូបនាងមានការភ្ញាក់ផ្អើលជាខ្លាំង ។
ក្រោយពីរឿងរ៉ាវជីវិតឯកជន របស់អ្នកនាង លី ម៉ារីណា បានស្ងប់ស្ងាត់មួយអន្លឺ ស្រាប់ តែពេលនេះ អ្នកនាង លី ម៉ារីណា បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត ដោយនាងបានបង្ហោះហ្វេសប៊ុកថា អតីតប្តីនាងបានលួច យកទ្រព្យសម្បត្តិគ្រឿងអលង្ការ និងលុយរបស់នាងមួយចំនួន ហើយគេចខ្លួនបាត់ ។ ស្របពេលនោះដែរ អ្នកនាងសូមលោកសាត ចាន់ថន យកទ្រព្យសម្បត្តិមកឲ្យនាងវិញ ព្រោះទ្រព្យសម្បត្តិ និងលុយទាំងនោះជាកម្លាំងញើសឈាមរបស់នាង ។
យោងតាមគណនី ហ្វេសប៊ុករបស់អ្នកនាង លី ម៉ារីណា ដែលបានបង្ហោះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារថា « នាងខ្ញុំសូមប្រកាស ស្វែងរកលោកសាត ចាន់ថន ដែលបាន លួចយកទ្រព្យសម្បត្តិគ្រឿង អលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅ ហើយគេចខ្លួនបាត់ សូមលោកមេត្តា យកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អ ចឹងបន្សល់ ដល់កូនទេ ទោះជាបែកគ្នា ក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វី ដែលជារបស់ខ្ញុំ អោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូន ដែលបានស្គាល់ជួយស៊ែរ អោយគាត់ដឹងផង ។ បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកអោយខ្ញុំវិញ ចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឪកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន» ។
សូមបញ្ជាក់ថា អ្នកនាង លី ម៉ារីណា បានរៀបការនឹងលោកសាត ចាន់ថន នៅឯក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១២ និងបានមកកាត់ចំណង ដៃនៅប្រទេសកម្ពុជា នាអំឡុងឆ្នាំ២០១៣ ខណ:ចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកនាង និងអតីតស្វាមីក៏ទទួលបានកូនប្រុសម្នាក់ផងដែរ។ ក្រោយមកចំណងស្នេហ៍របស់អ្នកទាំង២បានដើរដល់ផ្លូវបំបែក ហើយអ្នកនាង លី ម៉ារីណា បានរៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំ លី ម៉ារីណា សូមប្រកាស ជាសាធារណៈថា នាងខ្ញុំ និងស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាព មិនចុះសម្រុង នឹងគ្នាហើយ ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា»។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ អង្គភាពយើងនៅមិនទាន់សុំការ បកស្រាយបញ្ជាក់ពីលោកសាត ចាន់ថន បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
ដោយ៖ ម៉ានី