ភ្នំពេញ ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្ននេះ កំពុងស្រូបទាញ ប្រជាប្រិយភាព ពីទស្សនិកជន តាមរយៈការសម្ដែងក្នុង MV និងភាពយន្ត ជាដើម ជាពិសេសនាង កំពុងកសាងកេរ្តិ៍ឈ្មោះ កាន់តែខ្លាំងថែមទៀត ជាមួយដំណេងតួឯកស្រី នៅក្នុងរឿងភាគ របស់ស្ថានីយ ទូរទស្សន៍ហង្សមាសមួយរឿង ដែលកំពុងចាក់ផ្សាយ មានចំណងជើងថា “ម្ដាយ២” ។

ជាមួយគ្នានេះដែរ សម្រាប់ មហាជននិយមតាមដាន និង គាំទ្រ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ប្រាកដជាធ្លាប់ បានជ្រាបមកហើយ ដែរ ពីជីវប្រវត្តិមួយចំនួន របស់នាងមុននឹងឈានជើង ចូលមកកាន់វិស័យបវរកញ្ញា និង បានក្លាយជាសិល្បការិនី មានប្រជាប្រិយភាព ក្នុងពេលបច្ចុប្បន្ន។

មុននឹងបានគ្រង មកុដបវរកញ្ញាចក្រវាល នៅឆ្នាំ ២០១៨ កញ្ញា រឿន ណាត បានតស៊ូជម្នះនូវភាពលំបាក ជាច្រើនក្នុងជីវិត ដោយនាងមិន ត្រឹមតែជាក្មេងស្រី ត្រូវធ្វើការចិញ្ចឹមគ្រួសារ តាមរយៈអាជីពជាពិធីការិនីក្នុងវិទ្យុមួយ និង ថែមទាំងជីកដីដាំបន្លែ ដើម្បីផ្គត់ផ្គង់ដល់កុមារ កំព្រាថែមទៀត។

ទន្ទឹមគ្នានេះផងដែរ កញ្ញា រឿន ណាត ក៏បានរំឮកពីជីតដ៏កម្សត់របស់នាង ដើម្បីឱ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ តាមរយៈគណនីហ្វេសប៊ុករបស់នាង យ៉ាងដូច្នេះថា «រឭកដល់រូបភាព មួយសន្លឹកនេះ នាងខ្ញុំនឹកដល់កាលពីមុន នាងខ្ញុំធ្វើការ ដើម្បីចិញ្ចឹមគ្រួសារ តាំងពីនាងខ្ញុំនៅក្មេង ធ្វើការនៅខាងវិទ្យុ មួយកន្លែង ដែលមានទាំងការជីក ដីដាំបន្លែ ដើម្បីយកទៅផ្គត់ផ្គង់ ដល់កុមារកំព្រារជាច្រើន។ បទពិសោធជាច្រើនបានចូលមកក្នុងជីវិតខ្ញុំ ហើយក៏មានពុកម៉ែ បងប្អូនជាច្រើន បានសួរមកនាងខ្ញុំថា ឃើញតស៊ូថតរាល់ថ្ងៃនេះ ហត់អត់ លំបាកអត់? នាងខ្ញុំសុំប្រាប់ទៅពួកគាត់វិញថា វាមិនហត់នឹងលំបាកស្មើ នឹងកាលពីមុននោះ ដែលខ្ញុំជួបនោះទេ ទម្រាំតែនាង ខ្ញុំបមកដល់សព្វថ្ងៃនេះ ។ នាងខ្ញុំជួបទាំង ទុក្ខលំបាក ការតស៊ូ ជាច្រើន ហើយវាបានក្លាយ ទៅជាបទពិសោធជីវិត មួយ ដែលនាងខ្ញុំចងចាំមិនភ្លេចមកដល់សព្វថ្ងៃនេះ។ ហើយនាងខ្ញុំសូមលើកទឹកចិត្តថា ស៊ូឡើងគ្មានអ្វីអាច យកឈ្នះភាពលំបាក បានក្រៅពីខ្លួនយើងនោះទេ ក្រោកឈរឡើងខំដើម្បីអនាគតរបស់យើង ហើយអ្នកអាចជឿ បានថាការតស៊ូនឹងមិន ធ្វើអោយអ្នកអស់សង្ឃឹមឡើយ ពីនាងខ្ញុំ ( រឿន ណាត MUC’18 )» ។

គួរឱ្យដឹងផងដែរថា កញ្ញា រឿន ណាត ដែលស្រូបប្រជាប្រិយភាពខ្លាំង ពីមហាជន កាលតំណាងឱ្យកម្ពុជា ក្នុងការប្រកួត កញ្ញាឯកចក្រ វាឡ ពិភព លោក ឆ្នាំ ២០១៨ និង នា រយៈពេល ២-៣ ឆ្នាំ ក្រោយ មក នេះ ក៏ ផុសផុល នឹង ទីផ្សារ ថតកុន ថត ស្ប៉ត នានា និង ថត MV បទ ចម្រៀង ជា ហូរហែ ដែល ការណ៍នេះ បានបង្ហាញឱ្យឃើញថា នាងកំពុងបោះជំហានដ៏ល្អ ឆ្ពោះទៅ រក ភាព ជោគជ័យ លើ វិថី សិល្បៈ ខណៈ រូប សម្ផស្ស វិញ ក៏ កាន់ តែ ស្រស់ ផូរផង់ ជាទី បេតី នៃក្រុមកន្លង់ចង់ ចោមរោម មិនតិចនោះឡើយ ស្ម័គ្រស្មោះសុំ ឃុំគ្រងជាម្ចាស់ បេះដូង ៕




ដោយ៖ ម៉ានី
