ថ្មីៗនេះ បវរកញ្ញាចក្រវាល ដែលជាម្ចាស់ជយលាភីរងទី១ Nadia Ferreira បានប្រកាសថាខ្លូននិងគូស្នេហ៍វ័យចំណាស់ Marc Anthony ភ្ជាប់ពាក្យនឹងគ្នាហើយ ដោយបញ្ជាក់ច្បាស់ៗលើ Instagram ផ្លូវការ។

ទោះបីជា Nadia Ferreira (អាយុ ២៣ឆ្នាំ) និង Marc Anthony (អាយុ ៥៤ឆ្នាំ) មិនបានបង្ហើបពីព័ត៌មានច្បាស់ និងស៊ីជម្រៅពីពិធីនេះ ប៉ុន្តែភាគីខាងស្រីបានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយនឹងពាក្យថា «ពិធីភ្ជាប់ពាក្យ» ដែលអាចបញ្ជាក់គ្រប់គ្រាន់ហើយ សម្រាប់អ្នកគាំទ្រទាំងអស់។

ផ្អែកលើកាសែតអាមេរិក បានឲ្យដឹងថា ពិធីភ្ជាប់ពាក្យនេះ ត្រូវបានរៀបចំឡើងស្ងាត់ៗ នៅ Miami ឯចិញ្ចៀនភ្ជាប់ពាក្យដែលត្រូវបានបំពាក់លើដៃ Nadia វិញ គឺមានតម្លៃខ្ទង់ ៥០០ ០០០ដុល្លារ។

ងាកទៅប្រវត្តិស្នេហារបស់អ្នកទាំង ២ វិញ គឺពួកគេផ្ដើមជួបគ្នាដំបូងនៅខែមេសា ឆ្នាំ២០១៦ នៅពេលដែល Marc ទៅសម្ដែងនៅប្រទេសប៉ារ៉ាហ្គាយ។ បន្ទាប់ពីជួបគ្នានៅសណ្ឋាគារហើយ អ្នកទាំង ២ ក៏បានថតរូបជាមួយគ្នាជាអនុស្សាវរីយ៍។

ដ្បិតគូស្នេហ៍មួយគូនេះ មានវ័យខុសគ្នា ៣១ឆ្នាំ ប៉ុន្តែមើលទៅសម្ព័ន្ធភាពរបស់ពួកគេពិតជាស្អិតល្មួត និងមានតែភាពផ្អែមល្ហែមជានិច្ច តាំងពីទាក់ទងគ្នាមក។ ម្យ៉ាងវិញទៀត គ្រប់គ្នាច្បាស់ជាបានជ្រាបស្រាប់ថា Marc បានរៀបការ **៣ ដងហើយ គឺលើកទី១ ជាមួយនឹង Dayanara Torres បវរកញ្ញាចក្រវាលឆ្នាំ ១៩៩៣ លើកទី ២ ជាមួយនឹង Jennifer Lopez និងលើកទី៣ ជាមួយនឹងតារាម៉ូដែល Shannon De Lima ព្រមទាំងមានកូនៗ ៦នាក់៕

ប្រភព៖ sabay
