ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ នាយ ក្ដឹប ក្រោយពីធ្លាក់ខ្លួនឈឺ រីងរៃ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីបំផុតនាយដាច់ចិត្ត ប្រកាសលក់ផ្ទះ ដែលខ្លួនកំពុងរស់នៅ ដើម្បីបានលុយសងគេ ។ នេះបើយោងតាមប្រពីលោក អ៊ឹម ជីវ៉ា ដែលបានបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់លោក ក្នុងឱកាសយកអំណោយ ពីសប្បុរសជន ទៅជូនអតីតតារាកំប្លែងខាងលើ ។
លោកអ៊ឹម ជីវ៉ា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា លោកបាននាំយកថវិកា ២លានរៀល ដែលជាអំណោយរបស់លោកស្រី ឆេង ស្រីនាង អគ្គនាយិកាក្រុមហ៊ុន ម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែង នាយក្តឹប ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន ដល់គេហដ្ឋានតែម្តង។
លោកអ៊ឹម ជីវ៉ា បន្តថា ក្នុងឱកាសនោះ នាយក្តឹប និងគ្រួសារ និយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែ បងប្អូន ជួយទិញផ្ទះគាត់ផង ដើម្បីឲ្យគាត់បានលុយ មកសងបំណុលគេ បើមិនអ៊ីចឹងទេ គេមករឹបអូសផ្ទះលក់ឡាយឡុងហើយ ។
គួរឱ្យដឹងថា តារាកំប្លែងនាយ ក្ដឹប ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម ធ្លាប់បម្រើចំណីអារម្មណ៍មហាជនឱ្យ សើចសប្បាយនោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺ ដេកនៅនឹងកន្ទេសអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ជាមួយនឹងជំងឺជាច្រើនមុខដូចជា មានជំងឺទឹកចូលសួត ជំងឺបេះដូង និងឡើងជាតិស្ករ ។ អស់រយៈជាច្រើនឆ្នាំមកនេះ នាយ ក្ដឹប ត្រូវបានសប្បុរសជនជាច្រើន ចូលរួចំណែកក្នុងជ្រោមជ្រែងទាំងថវិការ និងកម្លាំងចិត្ត ដើម្បីឱ្យលោកឆាប់ជាសះស្បើយពីជំងឺ ៕
ដោយ៖ ម៉ានី