បច្ចេកទេសតុបតែងមុខបែបងាយៗ និងមើលទៅដូចធម្មជាតិនេះ ក្រៅពីជួយឲ្យសម្រស់ ស្រស់ស្អាតទ្វេរដងហើយ វាថែមទាំងអាចជួយបិទបាំងស្នាមជ្រីវជ្រួញ របស់អ្នកបានទៀតផង។
ចាប់ផ្តើមត្រៀមស្បែកមុនពេលតុបតែងផ្ទៃមុខ ដោយលាបឡេធ្វើឲ្យស្បែកមានសំនើម ស្តើងៗឲ្យសព្វផ្ទៃមុខ។ អ្នកអាចប្រើដៃ ឬអេប៉ុងក៏បានដើម្បី ផាត់ពង្រាបធ្វើឲ្យមើលទៅ ស្បែកមានភាពរាបស្មើរលោងល្អ និងជួយឲ្យគ្រឿងសម្អាងជាប់បានយូរ។
បន្ទាប់មកអ្នកត្រូវបន្ថែមម្សៅ ដើម្បីទ្រាប់ផ្ទៃមុខដែលមានពណ៌ប្រហាក់ប្រហែល នឹងស្បែករបស់អ្នក។ អ្នកត្រូវប្រើម្រាមដៃផាត់ ឬជួតឲ្យបានស្អាតគ្រប់ចំនុច លើផ្ទៃមុខ។ រួចអ្នកគួរបន្ថែម ខនស៊ីលើនៅក្រោមភ្នែក ដើម្បីបិទបាំងស្នាមជាំ ដោយអ្នកគួរតែជ្រើសយកផលិតផល ណាដែលផ្តល់ជាតិសំនើមខ្ពស់ មានលាយផ្សំដោយវីតាមីន ដែលអាចជួយការពារ ស្បែកនៅក្រោមភ្នែក។
ការលាបនៅកន្លែងក្រោមភ្នែកនេះ គេនិយមប្រើពណ៌លឿង ដែលមើលទៅមានលក្ខណៈស៊ីគ្នាល្អ។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកបែកញើស អ្នកគួរប្រើក្រដាស់ផ្តិតញើស ដើម្បីកុំឲ្យកកម្សៅនៅលើមុខ។ ចំពោះការថែមពណ៌ថ្ពាល់ គេនិយមប្រើពណ៌ទឹកក្រូច ឬពណ៌ផ្កាឈូកខ្ចី ឬក៏បន្ថែមពណ៌ចាំងភ្លឺផ្លេកខ្លះកាន់តែល្អ។
ចំណែកឯ ការពត់រោមភ្នែកវិញ អ្នកត្រូវពត់ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យរោមភ្នែកបាក់។ អ្នកត្រូវផាត់រោមភ្នែកទាំងលើ ទាំងក្រោមដោយផាត់ម៉ាស្ការ៉ា។ ការផាត់រោមភ្នែកចាត់ទុកថាជាបេះដូង ពីព្រោះសំខាន់នៃការតុបតែងមុខ រោមភ្នែកនឹងតម្រៀបស្អាតល្អក្រាស់ នឹងជួយធ្វើឲ្យភ្នែកមើលទៅ កាន់តែមុតភ្លឺថ្លា។ អ្នកអាចប្រើ ម៉ាស្ការ៉ាសម្រាប់រោមចិញ្ចើម ពណ៌ត្នោតមកផាត់ចិញ្ចើម ដើម្បីឲ្យមើលទៅទន់ភ្លន់។
ចុងក្រោយគេបង្អស់គឺជា ការលាបបបូរមាត់។ អ្នកត្រូវជ្រើសរើសក្រែមដែលមានវីតាមីន ជំនួយស្បែកមាត់ជួយឲ្យ ស្បែកមាត់មានសំនើម។ ហើយអ្នកត្រូវលាបពណ៌ណា ដែលមិនលេខធ្លោរពេកនឹងស្រអាប់ពេក ជាការល្អបំផុត។