ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលទស្សនិកជន បានដឹងយ៉ាងច្បាស់ថា កំពុងសោយសុខ នៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ា ផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូស ចម្រូងចម្រាស់ ជាច្រើនសូម្បីតែប្រពន្ធ ក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុ ក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។
តួយ៉ាងថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ លាន អាហ្រ្វីលគីនីន បានជំពាក់ ហើយថែមទាំងចេញសែកស្អុយទៀតផង ។
ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Sekhari Be បានបង្ហោះសារបង្កឱ្យមានការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំដោយហេតុ ថា បុគ្គលខាងលើ បានចេញសែក អត់លុយ ហើយសន្យា ម្ដងជាពីរដង តែមិនដែលចូលខ្លួនមកជួបដើម្បីដោះស្រាយ បំណុលនោះទេ» ។
ជាងនេះទៅទៀត ម្ចាស់គណនីហ្វេសប៊ុកខាងលើ ថែមទាំងបានបញ្ជាក់ចុងក្រោយថា «បើ លោក នៅ តែ មិន ចូល ខ្លួន មក ដោះ ស្រាយ ទៀតនោះ ខ្ញុំ នឹងដាក់ពាក្យបណ្ដឹងទៅផ្នែកព្រហ្ម ទណ្ឌ ដើម្បី អនុវត្ត តាម នីតិវិធី ច្បាប់ ជាធរមាន » ។
គួរឱ្យដឹងផងដែរថា លោក លាន អាហ្រ្វីលគីនីន បានទទួលគោរម្យ ងារនេះ កាល ពីចុងឆ្នាំ២០១៩ ក្រោយពីជោគជ័យទៅលើមុខជំនួញ ។ មួយរយៈចុងក្រោយនេះ លោកបានលែងលះជាមួយ ប្រពន្ធអ្នកនាង កែវ វរល័ក្ខ ដាច់ស្រឡះហើយ និងកំពុងផ្ដើមស្នេហាជាមួយនារីអ្នកលក់អនឡាញម្នាក់ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺមិនមែនជាលើកទីមួយឡើយ សម្រាប់ លាន អាហ្រ្វីលគីនីន ដែលមានអ្នកបង្ហោះសារទាមទារ ឱ្យចូលខ្លួនដោះស្រាយបំណុល ៕
ដោយ៖ ម៉ានី