កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថាតុលាការកំពូល នៃប្រទេសកូរ៉េខាងត្បូង បានសម្រេចកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ១,៥ ឆ្នាំសម្រាប់អតីតសមាជិកក្រុម Big Bang លោក Seungri (Lee Seung Hyun អាយុ ៣២ ឆ្នាំ) ។
នៅព្រឹកថ្ងៃទី ២៦ ខែឧសភា តុលាការកំពូល នៃប្រទេសកូរ៉េខាងត្បូង បានសន្និដ្ឋានថា ការកាត់ទោសលោក Seungri ដោយតុលាការយោធាជាន់ខ្ពស់ ក្នុងអំឡុងពេលសវនាការឧទ្ធរណ៍របស់លោក កាលខែមករានៃឆ្នាំនេះ នឹងប្រព្រឹត្តទៅ។ កាលពីមុន Seungri ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសរុបចំនួន៩ កាលខែមករា ឆ្នាំ ២០២០ រួមទាំងការស្វែងរកពេស្យាចារខុសច្បាប់ ការលេងល្បែងនៅក្រៅប្រទេសខុសច្បាប់ ការផ្សព្វផ្សាយខ្លឹមសារផ្លូវភេទ ថតដោយខុសច្បាប់ ការកេងបន្លំ ការគំរាមកំហែង និងការរំលោភបំពានជាដើម។
ក្នុងអំឡុងពេលសវនាការដំបូង របស់តុលាការយោធា លោក Seungri ទទួលបានការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ បន្ទាប់ពីរកឃើញថា មានពិរុទ្ធលើបទចោទទាំង៩ ក្រោយពីការដាក់ពាក្យប្តឹងឧទ្ធរណ៍ ការកាត់ទោសរបស់លោក Seungri ត្រូវបានកាត់បន្ថយមកត្រឹម ១,៥ ឆ្នាំ ដោយតុលាការយោធាជាន់ខ្ពស់។ ឥឡូវនេះ គិតត្រឹមថ្ងៃទី ២៦ ឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោស Seungri ឲ្យជាប់ពន្ធនាគាររយៈពេល១ ឆ្នាំ និង ៦ ខែ។
លោក Seungri ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារយោធា ចាប់តាំងពីការបញ្ចប់ការកាត់ក្តីដំបូង របស់លោកកាលខែសីហា ឆ្នាំ ២០២១ នឹងត្រូវដកចេញពីយោធា ហើយដាក់នៅក្នុងពន្ធនាគារស៊ីវិល តាមសេចក្តីសម្រេចរបស់តុលាការកំពូល។ គិតត្រឹមថ្ងៃទី ២៦ ឧសភា លោក Seungri ប្រឈមមុខនឹងការជាប់ពន្ធនាគារប្រហែល ៩ ខែ ហើយនឹងត្រូវដោះលែងនៅខែកុម្ភៈ ឆ្នាំ ២០២៣៕ ដោយ៖លី ភីលីព