ភ្នំពេញ៖ ធ្លាប់ជាថៅកែអចលនៈទ្រព្យដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានផ្ទះវីឡា រថយន្តទំនើប ចាយវាយជីវភាពហ៊ឺហារ ស្រាប់តែមួយរយៈចុងក្រោយនេះ គ្រួសារតារាចម្រៀងស្រីលំដាប់ជួរមុខគឺអ្នកនាង យក់ ឋិតរដ្ឋា បែជាធ្លាក់ខ្លួនរហូតដល់ធ្លាប់ប្រកាសថា គ្មានថវិការសម្រាប់ទិញម្ហូប និងទឹកដោះគោកូន ។
ជាមួយគ្នានេះដែរ ថ្មីៗនេះ គ្រួសារតារាចម្រៀងល្បីឈ្មោះខាងលើ បានទទួលក្ដីសន្ដោសជាហូរហែរនូវទឹកប្រាក់មួយចំនួនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយសកម្មភាពនេះដែរ ក៏បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានក្ដីអាណិតអាសូរជាខ្លាំងដល់រូបនាង ។
ត្បិតតែរហូតមកទល់ពេលនេះ នៅមិនទាន់បានដឹងអំពីមូលហេតុអ្វីបានជាអ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីគឺលោក ឃុំ ប៉ុណ្ណាដែត ធ្លាក់ខ្លួនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែបើតាមការបង្ហើបកន្លងមកទំនងគ្រួសារពួកគេត្រូវបានដៃគូរកស៊ីជាមួយបោកប្រាស់ក៏ថាបាន ទើបធ្វើឱ្យធ្លាក់ខ្លួនលឿនដល់ថ្នាក់នេះ ។ ប៉ុន្តែការពិតយ៉ាងណានោះ Lookingtoday ពុំអាចសុំការពន្យល់ពីភាគីអ្នកនាង យក់ ឋិតរដ្ឋា បានឡើយ ដោយផ្ញើសារគ្មានអ្នកតប ។
គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពសិល្បៈ យក់ ឋិតរដ្ឋា និងប្ដី ក៏មានមានជំនួញនៅក្នុងដៃ ដូចជាលក់គ្រឿងថែក្សាសម្រស់ផលិតផលថៃនាំចូលផ្តាច់មុខ និងជាថៅកែអចលនទ្រព្យ ។
តារាចម្រៀងស្រី ដែលធ្លាប់ល្បីល្បាញខ្លាំងកាលពីនៅជ្រកក្រោមទ្រនំផលិតកម្ម SSB ខាងលើ ត្រូវបានគេដឹងយ៉ាងច្បាស់ថា នាង រួមទាំងលោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី ធ្លាប់ជោគជ័យលើវិស័យអចលនទ្រព្យ ។ ហើយកាលពីប៉ុន្មានខែមុននេះ យក់ ថិតរដ្ឋា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនាង បើកការរដ្ឋានសាងសង់បុរីលំនៅដ្ឋានធំមួយ មានទីតាំងស្ថិតនៅលើទឹកដីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ៕
ដោយៈ ម៉ានី