ភ្នំពេញ ៖ អតីតតារាម៉ូឌែល និងជាអ្នកលក់ផលិតតាម Online កំពុងមានប្រជាប្រិយភាព គឺអ្នកនាង ទ្រិញ ផល្លា នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ បានធ្វើឱ្យមហាជន និយមលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយពេលនាងបានប្រកាសប្ដឹង សម្ថតកិច្ចតាមចាប់ខ្លួន ប្ដី របស់នាង គឺលោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ ដែលកំពុងរត់គេចទៅខេត្តពោធិ៍សាត់ ហើយថែមទាំងផ្ដល់រង្វាន់លើកទឹកចិត្តជាប្រាក់ ១ម៉ឺនដុល្លារ ប្រសិនបើចាប់ខ្លួនបាន ។

អ្នកនាង ទ្រិញ ផល្លា ត្បិតតែពេលនេះ ពុំបាននិយាយវែងឆ្ងាយពីមូលហេតុអ្វី ដែលបណ្ដាលឱ្យនាងខឹងក្រោធខ្លាំង ដល់ថ្នាក់ប្ដឹងប៉ូលិសឱ្យតាមចាប់ខ្លួន អេតមីន ជីងចក់ ប៉ុន្តែបើតាមការបង្ហើប របស់នាងនៅក្នុងប្រអប់បញ្ចេញមតិ (Comment) គឺអាចកាត់យល់បានថា ទំនងជារឿងពូ ចក់ ដូចមានស្រីខាងក្រៅ ព្រោះអ្នកនាង ទ្រិញ ផល្លា បាននិយាយថា «វាជារឿងដដែលៗ» ។

ជាមួយគ្នានេះផងដែរ ក្រោយពីបានប្រកាសឱ្យសមត្ថកិច្ច តាមចាប់ខ្លួន អេតមីន ជីង ចក់ ហើយនោះ មុននេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហើបពីរឿងខ្លះ ដែលអ្នកគាំទ្រ នាងមិនធ្លាប់បានដឹងពីមុន ចំពោះទង្វើប្ដីរបស់នាង ហើយក៏ជាមូលហតុមួយដែលនាំឱ្យនាងខឹងខ្លាំងរហូតដល់ថ្នាក់ ប្រកាសឱ្យប៉ូលិស តាមចាប់ខ្លួនអេតមីន ជីង ចក់ ដើម្បីដោះស្រាយតាមច្បាប់ ។

តាមរយៈសារនៅលើគណនីហ្វេសប៊ុក របស់អតីតតារាម៉ូឌែលសាច់ខ្ចីខាងលើ ដោយបានភ្ជាប់ជាមួយវីដេអូចាស់របស់នាងដែលបានឡាយ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ បានបង្ហាញថា លោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ ធ្លាប់បានវាយនាងរហូតដល់ ថ្នាក់ជិតសន្លប់ ហើយថែមទាំងគំរាម សម្លាប់ទៀតផង ។ ហើយកាលពីព្រឹមមិញនេះ អ្នកនាង ទ្រិញ ផល្លា ក៏បានបង្ហោះរូបថត មួយសន្លឹកបង្ហាញពីសកម្មភាពប្ដីរបស់នាង បានក្រាបសូមទោសដល់បាតជើង ផងដែរចំពោះទង្វើដែលបានធ្វើដាក់នាងកន្លងមកនេះ ។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ អ្នកនាង ទ្រិញ ផល្លា នាងនៅតែមានគោលជំហរមួយគឺត្រូវតែចាប់ខ្លួនអេតមីន ជីងចក់ ដើម្បីយកមកដោះស្រាយ តាមច្បាប់ឱ្យខានតែបាន ។

សូមជម្រាបជូនថា នេះពុំមែនជាលើកទីមួយឡើយ ដែលអ្នកនាង ទ្រិញ ផល្លា ទម្លាយពីបញ្ហាគ្រួសាររបស់នាងឱ្យមហាជនលើបណ្ដាញសង្គមហ្វេសប៊ុក បានដឹង ។ តួយ៉ាងកាលពីប្រមាណជាង ១ខែមុននេះ នាងបានទម្លាយថា ប្ដីរបស់នាងដូចទាក់ទងនារីខាងក្រៅ ចំពេលនាងទៅប្រទេសវៀតណាមព្យាបាលជំងឺ ។ ហើយពេលនោះនាងក៏បានសម្រេចចិត្ត លែងលះទៀតផង ប៉ុន្តែទីបំផុតគេទាំងពីរនាក់ក៏បានត្រូវរ៉ូវគ្នាវិញ ដោយ អេតមីន ជីង ចក់ ចេញមុខសូមទោសនាងជាសាធារណៈ ៕








ដោយ៖ ម៉ានី
