ភ្នំពេញ៖ កូនប្រុសច្បងរបស់ពិធីការិនីដ៏ល្បីល្បាញគឺអ្នកនាង គង់ សុជាតិ ដែលជាតំណក់ឈាមរួមគ្នាជាមួយអតីតស្វាមីលោក ម៉ៅ វិសាលភាព ក្រោយពីបានភ្ជាប់ពាក្យ កាលពីអំឡុងចុងឆ្នាំ ២០២០ រួចមក ទីបំផុត នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានដឹកដៃគ្នាចូលរោងមង្គលការជាផ្លូវការ ដែលកម្មពិធីប្រព្រឹត្តិទៅយ៉ាងអធិកអធមបំផុត ។

យោងតាមរូបថតពិធីមង្គលសិរីសួស្ដីខាងលើបានបង្ហាញឱ្យឃើញថា កម្មពិធីទាំងមូលប្រព្រឹត្តិទៅយ៉ាងរលូន ពោពេញទៅដោយស្នាមញញឹមពីសំណាក់សាមីខ្លួន និងសាច់ញាតិទាំងសងខាង ។ ជាងនេះទៅទៀតក៏មានការចូលរួមឱ្យពរជ័យពីសំណាក់សាច់ញាតិ មិត្តភក្ដិ ហើយក៏ឃើញមានលេចវត្តមានអ្នកមុខអ្នកការធំៗនៅក្នុងពិធីព្រឹកនេះផងដែរ ។
បើងាកទៅមើលទិដ្ឋភាពរោងមង្គលការ ក៏ឃើញមានការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ ចំណែកឯកូនកំលោះកូនក្រមុំក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ។

គួរឱ្យដឹងផងដែរថា កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ជាមួយអតីតស្វាមីលោក ម៉ៅ វិសាលភាព មានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ និង ភរិយាឈ្មោះ ឆន ពុទ្ធាវីន បានភ្ជាប់ពាក្យ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ។
លោក ម៉ៅ សាលភាពបុត្រ កន្លងមកត្រូវបានមហាជនលាន់មាត់ពោលសរសើរពីរូបសម្រស់ដ៏ស្រស់សង្ហារ ហើយក៏មានមតិភាគច្រើនលើកឡើងថា មានមុខមាត់ស្ទើរតែដូចគ្នាបះបិទជាមួយនឹងពូរបស់លោកគឹអតីតតារាចម្រៀង គង់ សង្វាដានី ។ ជាងនេះទៅទៀតគេដឹងថាលោក ម៉ៅ សាលភាពបុត្រ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងខ្ពស់ទៀតផង ដោយលោកគឺជាអតីតនិស្សិតបញ្ចប់បរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ RAFFLES នៃប្រទេសថៃ កាលពីឆ្នាំ ៕
ដោយ៖ ម៉ានី






