តារាសម្ដែងស្រី លី ច័ន្ទសីហា សម្រេចចិត្ដឈប់ទទួលថតស្ពត និងខ្សែភាពយន្ដតាំងពីអំឡុងឆ្នាំ២០១៩ ស្របពេលដែលអ្នកសិល្បៈស្ទើរគ្រប់ទម្រង់បាត់ឱកាស និងប្រាក់ចំណូលពីការងារ សិល្បៈដោយសារ បញ្ហាជំងឺកូវីដ-១៩។ សម្រាប់តារាសម្បូរទឹកភ្នែកនេះវិញ អះអាងថាកាលណោះនាងក៏នៅមានក្រុមហ៊ុន និងផលិតកម្មខ្លះបានទាក់ទងទងនាងដើម្បីថតដែរ តែនាងប្រកែក។

រហូតមកដល់ស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ហើយការងារសិល្បៈចាប់ផ្ដើមងើបឡើងវិញ ក៏អ្នកនាង លី ច័ន្ទសីហា មិនទាន់រវីរវល់នឹងការវិលចូលសិល្បៈវិញដែរ។

ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដខ្នាតធំមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា នៅផ្សារទំនើប ជីប ម៉ុង សែនសុខ កាលពីពេលថ្មីៗនេះ ច័ន្ទសីហា បានប្រាប់Sabay ថា សម្រាប់ពេលនេះនាងពិបាក និងវិលចូលតសិល្បៈ វិញណាស់ ដោយសារតែអ្នកនាងជាប់មើលថែកូនស្រី ហើយម្យ៉ាងក៏មានមុខជំនួញចំនួនពីរទៀតនៅក្នុងដៃ។
លី ច័ន្ទសីហា៖ “គេហៅហ្នឹង សុទ្ធតែជារឿងភាគបង…ត្រូវចេញថតវាស់ៗល្ងាច យើងអត់អាចឆ្លៀត មកមើលអាជីវកម្មយើងទេ។ ពីរបីឆ្នាំមកនេះ ខ្ញុំរវល់ខ្លាំងនិងការងារលក់ផលិតផលតាមអនឡាញ ហើយឥឡូវក៏តែរវល់ទៀត ព្រោះខ្ញុំទើបចាប់បើកលក់គម្រោងដីឡូត៍ឡើងវិញ”។

បើតាមតារាស្រីរូបនេះ មុខជំនួញទាំងពីរ អាចធ្វើឲ្យគ្រួសាររស់នៅបានស្រួល ដោយអាចប្រលែងដៃ ពីការងារ សិល្បៈទាំងស្រុងក៏បាន ប៉ុន្ដែស្ថិតនៅក្នុងដំណាក់កាលនេះ អ្នកនាងក៏នៅ ពិចារណាថានឹងទទួល ការងារខ្លះ មកវិញដែរ គឺជាការងារដែលអាចឆ្លៀតបាន ឬប្រើពេលថតខ្លីៗ ដើម្បីនាងមានឱកាសច្រើន គ្រប់គ្រង់មុខជំនួញ និងមើលថែកូនស្រីដែលកំព្រាលឪពុក ហើយទើបមានអាយុ ៤ឆ្នាំ៕

