ភ្នំពេញ ៖ ជារឿងដ៏ចាប់អារម្មណ៍មួយ ក្រោយពីតារាចម្រៀង ទៀង មុំសុធារី ដែលបច្ចុប្បន្ន កំពុងមានងារ ជាជំទាវពេញច្បាប់នោះ បានបង្ហាញមុខកូនស្រីក្រមុំ ដ៏ស្រស់ស្អាតម្នាក់ កំពុងព្យាយាម ចាប់ផ្ដើម បោះជំហ៊ានលើវិថីសិល្បៈ តាមរយៈកម្មវិធីប្រឡង បរវកញ្ញា លំដាប់ថ្នាក់អន្តរជាតិ មួយគឺ « Miss Preteen international Cambodia» ។

នៅលើបណ្ដាញ សង្គមហ្វេសប៊ុក ទៀង មុំសុធារី បានហៅ នារីស្រស់សោភា រូបនោះថា កូនៗ ពេញៗមាត់ ព្រមទាំងជូនពរ ឱ្យការប្រឡងបរវកញ្ញា របស់នាងទទួលបានជោគជ័យទៀតផង ដោយសកម្មភាពនេះ បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រ មិនអស់ចិត្តរួចក៏បានចោទ ជាសំនួរទៅកាន់ ទៀង មុំសុធាវី ថា មានកូនក្រមុំហើយ? ហើយនាងក៏បានតបទៅវិញថា «ជាការពិត គឺ នាងមានកូនក្រមុំហើយ» ។

នារីស្រស់ស្អាតដែល ទៀង មុំសុធាវី ថា ជាកូនស្រីនោះមានឈ្មោះ គង់ ចាន់ណាយ៉ា ហើយនាងក៏ត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ប្រពៃណី បុរាណ ថែមទៀតផង ។

គួរឱ្យដឹងថា តារាចម្រៀង ទៀង មុំសុធាវី បានចូលរោងការ ជាមួយស្វាមីរបស់នាង ដែលជាអាណិកជនខ្មែរ មកពីបារាំង ឈ្មោះលោក ជួន សុកាន់ណារិទ្ធ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ។ ក្រោយមកលោក ជួន សុកាន់ណារិទ្ធ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ តែងតាំង រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។

យ៉ាងណាក៏ដោយសម្រាប់បេក្ខនារី Miss Preteen International Cambodia កញ្ញា គង់ ចាន់ណាយ៉ា ដែលស្រាប់តែ ទៀង មុំសុធារី ហៅថា កូនៗ នេះ បានធ្វើឱ្យមហាជនភ្ញាក់យ៉ាងខ្លាំង ព្រោះគេដឹងត្រឹមថា នាងទើបតែសម្រាលកូនប្រុសម្នាក់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ៕







ដោយ៖ ម៉ានី
