ភ្នំពេញ ៖ តារាចម្រៀង ដែលមានងារ ជាឧកញ៉ា លោក ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជន បើកភ្នែកធំៗ បន្ទាប់ពីបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះជាមួយរថយន្តទំនើប ម៉ាក Jeep Sahara ដែលមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ ទិញជូនភរិយា របស់លោកក្នុងថ្ងៃខួបកំណើត។

ថ្វីដ្បិតថា ឧកញ៉ា ខេមរៈ សិរីមន្ត ហាក់មិនសូវមាន សន្ទុះលើ វិស័យសិល្បៈ រយៈពេលចុងក្រោយមកនេះក្តី ប៉ុន្តែឧកញ៉ា បានងាកទៅកាន់មុខជំនួញ ជាពិសេសផ្តោតខ្លាំង ទៅលើវិស័យអចនទ្រព្យ ដូច្នេះមិនលំបាកទេសម្រាប់លោកឧកញ៉ា ត្រឹមឡានមួយគ្រឿង ជូនភរិយាបណ្តូលចិត្ត។

លោកឧកញ៉ា រូបនេះបាននិយាយដោយខ្លីថា «រូបភាពនេះ ជាកាដូថ្ងៃកំណើតអូន ជូនពរអូនមានសុភមង្គល ពេញមួយជីវិត»។ បន្ទាប់ពីឃើញរូបភាព ផ្អែមល្អែមរបស់គូស្នេហ៍មួយគូនេះ អមជាមួយកាដូ ដ៏មានតម្លៃ ទឹកចិត្តស្វាមីទិញជូនភរិយា មហាជនពោលសរសើរថា គ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះ ពិតជាស្រលាញ់គ្នាណាស់។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត បានសាងជីវិតគ្រួសារជាមួយភរិយា អ្នកនាងកុយ ផល្លី ក្នុងឆ្នាំ២០០៩ ដោយទទួលបានចំណងដៃ កូនប្រុសស្រី គួរឱ្យស្រឡាញ់៣នាក់ផងដែរ៕

ដោយ៖ ម៉ានី
