ភ្នំពេញ ៖ អតីតតារាចម្រៀងស្រី វ៉ាឌី ភាលីង ក្រោយពីបានបាត់មុខសូន្យឈឹង ក្នុងពិភពសិល្បៈមួយរយៈធំ ស្រាប់តែបច្ចុប្បន្នគេដឹងថា នាងកំពុងរស់នៅសោយសុខ លើគំនរទ្រព្យសម្បត្តិ យ៉ាងមានសុភមង្គល ជាមួយប្ដីរបស់នាង ។
អតីតតារាចម្រៀង ក្នុងផលិតកម្ម Spark music រូបនេះ បានចូលប្រឡូកក្នុងអាជីព ជាតារាចម្រៀង មួយរយៈពេលខ្លីប៉ុណ្ណោះ ក៏ផ្អាកទៅវិញ ហើយបច្ចុប្បន្ននេះនាងកំពុងជោគជ័យ ជាមួយមុខរបរលក់គ្រឿងអលង្ការ និងផលិតផលសម្រស់ ។
ជាមួយគ្នានេះដែរ ក្រោយពីបានចាប់ដៃ សាងស្នេហ៍ ជាមួយគ្នាអស់រយៈពេលខ្ទង់ជិត ១០ឆ្នាំ ទីបំផុត ភាលីង បានសម្រាលកូនស្រី ដ៏គួរឱ្យស្រឡាញ់ម្នាក់ ដោយសុវត្ថភាព ធ្វើឱ្យមានស្នាមញញឹម ក្នុងរង្វង់គ្រួសារ ជាពិសេសគូស្នេហ៍ របស់នាងឃើញញញឹម បិទមាត់មិនជិតឡើយ ។
គួរឱ្យដឹងផងដែរថា អតីតតារាចម្រៀង វ៉ាឌី ភាលីង បានចូលសិល្បៈ កាលពីឆ្នាំ២០០៧ និងបានដើរចេញពីអាជីពនេះវិញ តាំងពីឆ្នាំ២០១៥ ពោលគឺច្រៀងសម្ដែង រយៈពេល៨ឆ្នាំ ទើបបោះបង់ច្រៀងសម្ដែងមករកស៊ីតាម Online វិញម្ដង។ ផលិតកម្មដំបូងក្នុងអាជីព ជាតារាចម្រៀងរបស់នាងគឺ ផលិតកម្ម Spark music បន្ទាប់មកផលិតកម្ម Diamond ។
យ៉ាងណាមិញ បើទោះជាគេដឹងថា ម្ចាស់បទ «ចង់បានស្នេហ៍ឮតុកែយំ» បានរួមរស់ក្រោមដំបូល ផ្ទះតែមួយ រហូតទទួលបានចំណងដៃ កូនស្រីយ៉ាងណាក៏ដោយ ក៏មិនទាន់មានដំណឹងថា តើគេទាំងពីរនាក់ នឹងរៀបអាពាហ៍ពិពាហ៍ នៅពេលណានោះដែរ ៕
ដោយ៖ ម៉ានី