ភ្នំពេញ៖ ក្រោយពីបែកផ្លូវជាមួយអតីតស្វាមី វីជេ សុភា រយៈពេលប្រមាណពីរឆ្នាំជាងទៅហើយ តែតារាសម្តែងរូបស្រស់ ណូម័រ ហាក់ពុំសូវចាប់អារម្មណ៍ ខ្វាយខ្វល់រកអ្នកស្អំបេះដូងថ្មីឡើយ ដោយជំនួសមកវិញនាងបានបង្ហាញសកម្មភាពឱ្យគ្រប់គ្នាបានមើលឃើញថា នាងជានារីរឹងមាំ មានសមត្ថភាពរកលុយចិញ្ចឹមខ្លួនឯង និងគ្រួសារ ឱ្យរស់នៅស្រួលមានរបស់ប្រើប្រាស់ទំនើបៗ មិនចាញ់តារាសិល្បៈដែលមានកម្រិតជីវភាពខ្ពស់ផ្សេងៗប៉ុន្មានឡើយ ។
តួយ៉ាងកាលពីពេលថ្មីៗនេះ អ្នកមេម៉ាយចាយរៀងខាងលើ បានបង្ហាញទិដ្ឋភាពផ្ទះថ្មីដ៏ស្រស់ស្អាតរបស់នាង ដែលជាកម្លាំងញើសឈាមរកលុយតែម្នាក់ឯងតាមរយៈការងារសិល្បៈ ។ គេដឹងថា ណូម័រ គឺជាតារាស្រីពហុជំនាញម្នាក់ដែលក្រៅតែពីសម្ដែង នាងក៏ជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប មិនតែប៉ុណ្ណោះនាងក៏អាចច្រៀងបានយ៉ាងពិរោះទៀតផង ។ ហើយបច្ចុប្បន្ននាងក៏មានក្រុមទទួលផលិតស្ប៉តពាណិជ្ជកម្មគ្រប់ទម្រង់ ក៏ដូចជាមានសេវាកម្មផលិត MV បទចម្រៀង និងសម្រួលសម្រួលគ្រប់កម្មពិធីផងដែរ ។
គួរឱ្យដឹងផងដែរថា ណូម័រ បានដឹកដៃ Vj សុភា រៀបការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី ១ ខែវិច្ឆិការឆ្នាំ២០១៩ ពោលគឺ ក្រោយ មាន ប្ដីជាង៥ខែនាងក៏លែងលះគ្នាជាមួយលោកសុភា តាមផ្លូវច្បាប់ដោយមិនប្រាប់មូលហេតុនោះទេ គ្រាន់តែនិយាយខ្លីថា “រស់នៅមិនចុះសម្រុងគ្នា” ។ ជាមួយគ្នានេះ ពុំដែលឮដំណឹងថា ពិធីការិនី និងជាតារាសម្ដែង អ្នកនាង ណូម័រ រកបានអ្នកស្អំបេះដូងថ្មីនៅឡើយទេ ។ ហើយក៏មិនដែលឃើញស្រីស្រស់រូបនេះ ថតរូបស្និទ្ធស្នាលជាមួយបុរសប្លែកមុខរូបណាម្នាក់ ដែលគួរឱ្យសង្ស័យនោះដែរ ៕ ដោយ៖ ម៉ានី








