កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារ Ford Territory Club Cambodia (FTCC) និងមានការចូលរួមពីសប្បុរសជនទូទៅ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី១ ដោយនាំយកនូវ សម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន ២៥០នាក់ ដោយម្នាក់ៗទទួលបាន ៖
កាតាប ១, សៀវភៅសរសេរ ៣ ក្បាល, ខ្មៅដៃ ៣ ដើម,ប៊ិច ១ ដើម,ខួងខ្មៅដៃ ១,ជ័រលុប ១ ដុំ,បន្ទាត់ ១ ដើម,ក្ដារឆ្នួន ១ ឈុត,នំ ១ កញ្ចប់,វីតាមីន C ១០ គ្រាប់និងស្បែកជើង ១ គូរ។
លើសពីនេះ ដោយបានឃើញពីការលំបាករបស់ក្មួយស្រី ០២នាក់ ត្រូវធ្វើដំណើរផ្លូវឆ្ងាយជិត១០គីឡូម៉ែត្រដើម្បីឆ្ពោះមកសាលារៀនជារៀងរាល់ថ្ងៃ សមាជិកក្រុមគ្រួសារ FTCC ក៏សម្រេចមូលមតិគ្នា ជូនបន្ថែមកង់ចំនួន ០២ គ្រឿងទៅដល់ក្មួយស្រីទាំង ០២ នាក់ ។
ក្រុមគ្រួសារ FTCC យើងក៏មានថវិកាជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ០៥នាក់ និងលោកមេភូមិកងមាស ០១នាក់ ជាទឹកប្រាក់ ៥០,០០០រៀល សម្រាប់ម្នាក់ៗ សរុប ៣០០,០០០រៀល និងអាវយឺត អាវភ្លៀង ក៏ដូចជាប្រគេន បច្ច័យ តេយ្យទានព្រះសង្ឃដែលគង់នៅវត្តក្បែរសាលាកងមាស។ ក្នុងឱកាសនោះផងដែរ ក្រុមយើងក៏បានបង្កើតជាសកម្មភាព ការដាំកូនឈើនៅតាមទីធ្លាសាលារៀន ដើម្បីលើកស្ទួយបរិស្ថាន។
លោកស្រីនាយិកាសាលា បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ FTCC និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាអំណោយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកងមាស ដែលកំពុងជួបការលំបាក និងខ្វះខាត។ លោកស្រីនាយិកាសាលាបានប្រសិទ្ធិពរជ័យជូនដល់សមាជិកក្រុម និងសប្បុរសជនទាំងអស់ជួបតែ សេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕










