ភ្នំពេញ៖ តារាសម្ដែង សឿ សុធារ៉ា ក្រោយពីបានប្រកាសចែកផ្លូវគ្នា ជាមួយអតីតស្វាមីលោក សាពូន មីដាដា រួចមក នាងហាក់ដូចជាកំពុងធ្វើឱ្យទស្សនិកជនចម្លែកក្នុងចិត្ត ដោយចាប់អារម្មណ៍ថា ចូលចិត្តបង្ហោះសារប្លែកជាពិសេស ទាក់ទងទៅនឹងតារាចម្រៀង ដួង វីរៈសិទ្ធ ដែលជាហេតុនាំឱ្យគេសង្ស័យថា តារាស្រីដែលធ្លាប់មានឈ្មោះបោះសំឡេងខ្លាំងរូបនេះ មានចិត្តស្រឡាញ់លើលោក ដួង វីរៈសិទ្ធ នោះឯង ។
ចាំបានថា កាលពីពេលថ្មីៗនេះ អ្នកមេម៉ាយដែលកំពុងស្ពាយឈ្មោះអាស្រូវ រឿងជំពាក់បំណុលគេជុំទិសខាងលើនេះ បានបង្ហោះសារត្អូញត្អែ នៅលើបណ្ដាញសង្គមថា នាងត្រូវបានលោក ដួង វីរៈសិទ្ធ មិនចាប់អារម្មណ៍ បើទោះជានាងព្យាយាម តាមទៅធ្វើជាអ្នកគាំទ្ររហូតឆ្លងកាត់ខេត្តយ៉ាងណាក៏ដោយ ។
អ្នកនាង សឿ សុធារ៉ា បានលើកឡើងថា «បងសុំផ្ញើជូនទៅដល់អូន ដួង វីរៈសិទ្ធ ថាបងបានខំឆ្លៀតពេលរវល់មើលកូនៗ បង ទៅមើលអូនច្រៀងផ្ទាល់នៅ (បាធាយ ថ្នល់កែង)ដែលអូនទៅជួបហ្វេនៗសំណព្វចិត្តជាច្រើន របស់អូនយប់មិញនោះ
ទោះបងខំធ្វើខ្លួនធម្មតាៗមិនឱ្យ នរណាស្គាល់ក៏ដោយ តែបងច្បាស់ណាស់ថាអូនឃើញបងឈរក្បែរឆាកស្តាប់សំលេងច្រៀងផ្ទាល់របស់អូនដែលដូចសំឡេងថតក្នុងស្ទីតយោ ឬគេហៅថា”ច្រៀងផ្ទាល់សំឡេងដូចចាក់ឌីស” អូនឃើញបងហើយគួរណាស់លើកដៃស្វាគមន៍បង ព្រោះបងអាយុច្រើន ជាងអូនឡើង៩ឆ្នាំណាអូន ម៉េចក៏អូនមិនខ្វល់ពីបងខ្លះ ផងបងឈរក្រោមភ្លៀង តស៊ូស្តាប់មើលអូនច្រៀង ដោយការពេញចិត្ត អូនដួង វីរ់ៈសិទ្ធ ហេតុអ្វីអូនមិនចូលចិត្តបង អូនស្អប់បងឬ»? ការលើកឡើងរបស់ សឿ សុធារ៉ា បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ ព្រោះចុងក្រោយនេះ សឿ សុធារ៉ា បានលើកឡើងចំៗថា បេះដូងរបស់នាងត្រូវខ្ទេចខ្ទាំដោយសាររូបរាងនឹងទេពកោសល្យ សិល្បៈរបស់តារាចម្រៀង ដួង វីរៈសិទ្ធ។
មួយរយៈចុងក្រោយនេះតារាសម្តែង សឿ សុធារ៉ា ដែលធ្លាប់ដែលមានជីវភាព ហាយសូរបែរជាធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិសហើយថែមទាំង ជួបរឿងបែកបាក់គ្រួសារថែមទៀត ហើយបើក្រឡេកមកមើលសម្រស់របស់នាង ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ៕
ដោយ៖ ម៉ានី





