បុរសជនជាតិឥណ្ឌា ដែលត្រូវបានគេស្គាល់ថា ជាផលិតករឈ្មោះ Upasana Singh បានធ្វើការដាក់ ពាក្យប្តឹងកញ្ញា Harnaaz Sandhu ពីបទបំពាន និងល្មើសកិច្ចសន្យាក្នុងការងារដែលបវរកញ្ញា Miss Universe 2021 រូបនេះមិនព្រមធ្វើតាមពាក្យសន្យា។

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា ការគ្រងតំណែងបវរកញ្ញាចក្រវាឡរបស់ Harnaaz Sandhu មានបញ្ហាផ្លូវច្បាប់ បន្ទាប់ពីផលិតករ Upasana Singh បានដាក់ពាក្យប្តឹងនាងនៅតុលាការ ស្រុក Chandigarh ប្រទេសឥណ្ឌា ។ ជាក់ស្តែងនៅក្នុងពាក្យបណ្ដឹង Upasana Singh បាននិយាយថា មុនពេលក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ 2021 នាង Harnaaz Sandhu បានចូលរួមសម្តែង ក្នុងរឿង Bai Ji Kutange។
ក្នុងនោះក្រោមកិច្ចសន្យា Harnaaz Sandhu ត្រូវចំណាយពេល ២៥ថ្ងៃ ដើម្បីផ្សព្វផ្សាយភាពយន្ត ជាមួយក្រុមការងារ ។ ទោះជាមានក្រដាសស្នាម ជាក់លាក់យ៉ាងណាក៏ដោយ នាងមិនបានបំពេញតាម ការសន្យាដែលបានចុះហត្ថលេខានោះទេ ។ នៅពេលដែលផលិតករ Upasana Singh ទាក់ទងតាម ទូរស័ព្ទ អ៊ីមែលនាងមិនបានឆ្លើយតបសូម្បីម្ដង ហើយក៏មិនមានការឆ្លើយតបពេលក្រោយផងដែរ។

Upasana Singh ថ្លែងថា បន្ទាប់ពីឡើងគ្រងមកុដ Miss Universe 2021 Sandhu មិនអើពើនឹងរឿង នេះទេ។ លោក Upasana Singh បន្ទាប់ពីដាក់ពាក្យប្តឹង បវរកញ្ញាចក្រវាលឆ្នាំ 2021 នៅតុលាការ លោកបានសុំឱ្យ Sandhu សងការខូចខាតលើថ្លៃកិច្ចសន្យា៕
