នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្រ រហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោក ក៏មាននូវកោះជាច្រើនតូចធំ ស្ទើររាប់ពុំអស់ នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី បើចាត់ទុកជាកោះ ប្រាកដជាកោះដែលមានទំហំធំជាងគេបំផុត នៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២ គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលី ត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។
ខាងក្រោមនេះគឺជាកោះទាំង៥ ដែលត្រូវបានគេចាត់ទុកថា ជាកោះដែលធំបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ន។
១.កោះហ្រ្គីនលែន (Greenland)
កោះហ្រ្គីនលែន គឺជាកោះធំជាងគេ លំដាប់លេខ១ នៅលើពិភពលោក ដែលមានផ្ទៃដីសរុប រហូតដល់ទៅ ២,១៦៦,០៨៦ គីឡូម៉ែត្រក្រឡា ជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ កោះនេះមានអាកាសធាតុត្រជាក់ខ្លាំង ពោរពេញទៅដោយផ្ទៃទឹកកក អ្នកដែលរស់នៅទីនោះភាគច្រើន គឺជនជាតិដើមភាគតិច Inuitតែប៉ុណ្ណោះ។

២.កោះញូហ្គីណេ (New Guinea)
កោះញូហ្គីណេ គឺជាកោះធំលំដាប់លេខ ២ នៅលើពិភពលោក មានផ្ទៃដីសរុបរហូតដល់ទៅ ៧៨៥,៧៥៣ គីឡូម៉ែត្រក្រឡា ក្បែរទ្វីបអាស្ត្រាលី និងត្រូវបានពុះចែកជាពីរ ផ្នែកខាងកើតគ្រប់គ្រងដោយប្រទេស ប៉ាពូញូគីណេ និងមួយផ្នែកទៀត នៅភាគខាងលិច គ្រប់គ្រងដោយ ប្រទេសឥណ្ឌូណេស៊ី។

៣.កោះបរណេអូ (Borneo)
កោះបរណេអូ គឺជាកោះធំជាងគេលេខ៣ នៅលើសាកលលោក មានផ្ទៃដីរហុតដល់ទៅ ៧៤៣,៣៣០ គីឡូម៉ែត្រក្រឡា។ កោះដ៏ធំនេះ ត្រូវបានគ្រប់គ្រងដោយប្រទេស ចំនួន៣ ក្នុងនោះ ឥណ្ឌូណេស៊ី គ្រប់គ្រងមួយផ្នែកយ៉ាងធំ ចំនួន ៧៣% ម៉ាឡេស៊ី ២៦% និង ១%ទៀតក្នុងប្រទេស ប្រ៊ុយណេ។

៤.កោះម៉ាដាហ្កាស្កា (Madagascar)
កោះម៉ាដាហ្កាស្កា គឺជាកោះដ៏ធំលំដាប់លេខ៤ នៅលើសាកលោក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា មានទំហំ៥៩២,៨០០ គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធរបស់ប្រទេសម៉ាដាហ្កាស្កា។

៥.កោះបាហ្វហ្វីន (Baffin)
កោះបាហ្វហ្វីន ជាកោះដែលមានផ្ទៃដីធំ លំដប់លេខ៥ នៅលើសាកលលោក ទំហំ ៥០៧,៤៥១ គីឡូម៉ែត្រក្រឡា របស់ប្រទេសកាណាដា ពុំសូវមានមនុស្សរស់នោះទេ ព្រោះតែកោះនេះស្ថិតនៅក្បែរតំបន់ប៉ូល មានអាកាសធាតុជាក់ខ្លាំពេក។

Source: Sabay
