បេសកកម្មអាប៉ូឡូទី១១ គឺជាការបោះជំហាន ជាប្រវត្តិសាស្ត្រដ៏ធំធេងមួយ ដែលមនុស្សអាចឡើងទៅជាន់ដីភពព្រះចន្ទជាលើកដំបូងបង្អស់ កាលពីឆ្នាំ១៩៦៩។ ក្រោយមកទៀត ក៏មានបេសកកម្មជាបន្តបន្ទាប់ ដើម្បីឡើងទៅភពព្រះចន្ទ។ ប៉ុន្តែអ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយផ្នែក គឺនៅក្នុងបេសកកម្មអាប៉ូឡូទី១៤ ដោយគ្រានោះមនុស្សបាននាំយកកីឡាមួយប្រភេទ ទៅលេងលើព្រះចន្ទលើកដំបូងជាប្រវត្តិសាស្ត្រ។
វាជាកីឡាវាយកូនគោល ដែលត្រូវយកទៅលេង ដោយអវកាសយានិកអាមេរិកមួយរូប គឺលោក Alan Shepard។ លោកត្រូវគេបញ្ជូនឡើងទៅភពព្រះចន្ទ ជាមួយមិត្តរួមការងារ ចំនួន២នាក់ផ្សេងទៀត នៅក្នុងឆ្នាំ១៩៧១។ លោក Alan បានសាកល្បងវាយកូនគោល ដោយជោគជ័យនៅលើព្រះចន្ទ។ ប៉ុន្តែរយៈចម្ងាយដែលកូនបាល់ អាចផ្លោងទៅគឺមិនត្រូវបានដឹងច្បាស់ឡើយ។ យ៉ាងណាមិញ លោក Alan បានអះអាងថា លោកឃើញវាហោះទៅឆ្ងាយរាប់គីឡូម៉ែត្រឯណោះ។
រហូតដល់ឆ្នាំ២០១០ មានអ្នកតារារូបវិទ្យាសាស្ត្រម្នាក់ គឺលោក Ethan Siegel បានសម្រេចចិត្តធ្វើការគណនាពីចម្ងាយដែលកូនបាល់ហោះទៅដល់។ លោកជឿជាក់ថា កូនបាល់របស់លោក Alan បានហោះនៅក្នុងខ្យល់រយៈពេល៧០វិនាទី ហើយទៅដល់រយៈចម្ងាយ ៤០០០ម៉ែត្រ ដែលនេះច្រើនជាង៨ដង បើធៀបជាមួយរយៈចម្ងាយឯតទគ្គកម្មពិភពលោកសម្រាប់កីឡា វាយកូនគោលលើផែនដី៕ Source: Sabay