កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៩ ខែសីហា មានរូបថតមួយទៀត របស់លោក V សមាជិកក្រុមតារាចម្រៀង បុ្រសកូរ៉េខាងត្បូង BTS និងនាង Jennie ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINKនោះ លើកនេះត្រូវគេឃើញ តារាទាំង២នាក់ ពាក់អាវខ្លាឃ្មុំ Winnie the Pooh ហើយឈរជិតគ្នាក្នុងជណ្តើរយន្ត ។
ពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា របស់លោក V និងនាង Jennie បានក្លាយជាការ ចាប់អារម្មណ៍ខ្លាំងបំផុត ចាប់តាំងពីពាក្យ ចចាមអារ៉ាម បានចាប់ផ្តើមត្រឡប់មកវិញ កាលខែឧសភាឆ្នាំនេះ នៅពេល អ្នកទាំង២ត្រូវបានគេចោទប្រកាន់ថា បានបើកបរជាមួយគ្នា នៅលើកោះ Jeju ។ យ៉ាងណាមិញ ពាក្យចចាមអារ៉ាមបានស្លាប់ទៅវិញ នៅពេលអ្នកគាំទ្រអះអាងថា រូបថតនោះ ត្រូវបានគេលួចថត ។
បន្ទាប់មករូបថតជាច្រើនទៀត របស់តារា K-pop ពិភពលោកទាំង២ ត្រូវបានបែកធ្លាយតាមអ៊ីនធើណេត អ្នកប្រើប្រាស់ Twitter ឈ្មោះ gurumiharibo ដោយចាប់ផ្តើមដោយនាង Jennie ម្នាក់បានថតរូបលោក V ក្នុងបន្ទប់រង់ចាំ បន្ទាប់មកតារាម្នាក់ក្នុងចំណោម តារាទាំង២ បានថតរូបនៅផ្ទះរបស់លោក V ។
ជាមួយនឹងរូបថត ជាច្រើនសន្លឹកត្រូវបានបែកធ្លាយ អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត ជាច្រើនជឿថា គណនី iCloud របស់ Jennie ប្រហែលជា ត្រូវបានគេលួចចូល ហើយអ្នកប្រើប្រាស់ Twitter បានចូលប្រើរូបថតនោះ ។ ចាប់តាំងពីពាក្យចចាមអារ៉ាម បានលេចចេញមក ហើយរូបថតបន្ថែមត្រូវ បានចេញផ្សាយ តាមអ៊ីនធើណេត អ្នកគាំទ្រកំពុងបន្តជជែកគ្នាថា តើរូបថតទាំងនេះ ត្រូវបានគេកាត់តឬអត់ ។
យ៉ាងណាមិញ មនុស្សកាន់តែច្រើនឡើងៗ ងាកទៅរកការជឿ លើពាក្យចចាមអារ៉ាមថា ណាត់ជួបគ្នា ដោយសារតែចំនួនរូបថត ត្រូវបានបញ្ចេញ។ លើសពីនេះ អ្នកប្រើប្រាស់ Twitter បានបង្ហាញឲ្យដឹងថា ពួកគេនឹងបន្តបញ្ចេញរូបថតរបស់អ្នកទាំងពីរ បន្ថែមទៀត ហើយជាក់ស្តែង អ្នកប្រើប្រាស់ Twitter ពេលនេះកំពុងអះអាងថា មានរូបថតរបស់លោក V និងនាង Jennie ឱប និងថើបគ្នា ៕ដោយ៖លី ភីលីព