ភ្នំពេញ៖ រយៈពេលជាង៣ខែមកហើយ ដែលតារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវឃ្លាតពីអ្នក មានគុណ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ហើយរូបនាងក៏បាន ផ្អាកសកម្មភាពសិល្បៈដូចគ្នា ទើបតែកាលពីម្សិលមិញនេះ ធារិកា វិលមកកាន់ឆាកតន្រ្តីជាលើកដំបូង។
លោក វេហាស៍ តារាចម្រៀង ផលិតកម្ម សាន់ដេ បានបង្ហោះរូបភាព៣សន្លឹក ជាមួយកញ្ញា ធារិកា ដោយលោកបានស្ម័គ្រចិត្តជូននាងមកដល់កន្លែងច្រៀង ដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់នាង ព្រោះតែអ្នកទាំងពីររាប់អានគ្នា ជាយូរមកហើយ។ លោក វេហាស៍ បានសរសេរលើបណ្តាញសង្គមថា «ប្អូនស្រីបងរឹងមាំណាស់ ថ្ងៃនេះជូនប្អូនស្រីមកច្រៀង ហើយក៏ជាឆាកខនសឺតដំបូងរបស់ប្អូន ធារិកាបន្ទាប់ពីជាង៣ខែក្រោយការបាត់បង់លោកទាំងពីរសង្ឃឹមថាពុកម៉ែបងប្អូនបន្តការគាំទ្រនិងផ្តល់កម្លាំងចិត្តដល់ប្អូនស្រី»។
ជាមួយគ្នានេះ មហាជនអ្នកអាណិត ស្រលាញ់គាំទ្រ តារាចម្រៀង រាងតូចច្រឡឹង ធារិកា ក៏បានខំមិនលើកទឹកចិត្តនាងឱ្យតស៊ូបន្តទៅមុខទៀត ព្រោះនាងនៅមានប្អូន និងជីដូនត្រូវមើលថែ៕ ដោយ៖ ម៉ានី