សិល្បៈ និង កម្សាន្ត

តៃវ៉ាន់ ៖ ម្ចាស់ក្សត្រីរូបស្រស់ បានហាមប្រាម មិនឲ្យគ្រវីទង់ជាតិ របស់ខ្លួន លើទឹកដីម៉ាឡេស៊ី

ក្រុងតៃប៉ិ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ទីក្រុងតៃប៉ិ បានចោទប្រទេសចិន នៅថ្ងៃនេះ ពីការដាក់សម្ពាធអ្នករៀបចំ ព្រឹត្តិការណ៍ពាណិជ្ជកម្ម របស់ម៉ាឡេស៊ី ក្នុងការរារាំងម្ចាស់ក្សត្រីតៃវ៉ាន់ម្នាក់ មិនឲ្យគ្រវីទង់ជាតិ របស់កោះនៅលើឆាក អន្តរជាតិឡើយ ។

បវរកញ្ញាតៃវ៉ាន់ នាង Kao Man-jung ត្រូវបានគេថតរូប កំពុងយំ ខណៈបេក្ខនារីផ្សេងទៀត ក្នុងកម្មវិធីប្រកួត សម្រស់បានបង្ហាញខ្លួន នៅលើឆាក ក្នុងពិធីបើកសមាជពិភពលោក ស្ដីពីការច្នៃប្រឌិត និង បច្ចេកវិទ្យាឆ្នាំ ២០២២ (WCIT) កាលពីម្សិលមិញ ។ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ប្រទេសចិន បានដាក់សម្ពាធ ដល់អ្នករៀបចំ កម្មវិធីម៉ាឡេស៊ីឲ្យហាមឃាត់បវរកញ្ញា Kao មិនឲ្យកាន់ទង់ជាតិ របស់យើងនៅលើឆាក ហើយបន្ថែមថា ខ្លួនបានណែនាំការិយាល័យ តំណាងរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ឲ្យដាក់ពាក្យបណ្តឹង ជាផ្លូវការជាមួយអ្នករៀបចំ ។

ទីក្រុងប៉េកាំងចាត់ទុក កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនឯងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន នឹងត្រូវរឹបអូស នៅថ្ងៃណាមួយដោយកម្លាំង ប្រសិនបើចាំបាច់ ។ វាមានភាពច្របូកច្របល់ ចំពោះការទទួលស្គាល់ ជាអន្តរជាតិ របស់តៃវ៉ាន់ ហើយជារឿយៗ មានប្រតិកម្មជាមួយនឹងកំហឹង ចំពោះការបង្ហាញទង់ជាតិ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ឬដោយតារាបរទេស ។

ក្រសួងការបរទេស របស់កោះតៃវ៉ាន់បានបន្តថា ការគាបសង្កត់បែបនេះ នឹងធ្វើឲ្យប្រជាជនតៃវ៉ាន់ និងសហគមន៍អន្តរជាតិស្អប់ខ្ពើមថែមទៀត ហើយបានចោទប្រកាន់ទីក្រុងប៉េកាំង ពីការដាក់ពង្រាយអំពើអាក្រក់ ។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា នាង Kao ត្រូវបានបញ្ឈប់ ខណៈនាងហៀបនឹងឡើង លើឆាក ខណៈបេក្ខនារីផ្សេងទៀត ត្រូវបានគេឃើញកំពុងគ្រវីទង់ជាតិ នៃប្រទេសរបស់ពួកគេ ។

តារាល្បីៗរួមទាំងតារាប៉ុបអាមេរិក Madonna និង Katy Perry បានបង្កឲ្យមានការខឹងសម្បារ ក្នុងប្រទេសចិន នាពេលកន្លងមកសម្រាប់ការបង្ហាញ ទង់ជាតិរបស់តៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្ហាញពីការគាំទ្រ ចំពោះឯករាជ្យភាពរបស់កោះនេះ ។ កាលឆ្នាំ ២០១៦ តារាចម្រៀង K-pop តៃវ៉ាន់វ័យជំទង់ម្នាក់ត្រូវបានបង្ខំឲ្យសុំទោស ចំពោះការគ្រវីទង់ជាតិ អំឡុងពេលការផ្សាយតាមអ៊ីនធើណេត ដែលបង្កឲ្យមានកំហឹងនៅប្រទេសចិន និងការចោទប្រកាន់ថា នាងជាអ្នកតស៊ូមតិទាមទារឯករាជ្យ ។

វីដេអូសុំទោសរបស់នាងបានរីករាលដាល នៅថ្ងៃបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ឆ្នាំ២០១៦ ដែលឃើញកោះនេះជ្រើសរើស លោកស្រី Tsai Ing-wen ជាមេដឹកនាំស្ត្រីដំបូង របស់ខ្លួនក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី ៕

Most Popular

To Top