ភ្នំពេញ៖ បន្ទាប់ពីបានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងជាបន្តបន្ទាប់ តារាចម្រៀង តន់ ចន្ទសីម៉ា បានក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្មកាឡាក់ស៊ី រហូតនាងមានឱកាសបានចេញសម្តែងទៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង។ ហើយ ការចេញទៅសម្តែងនៅប្រទេសក្រៅលើកនេះ ម្តាយនាង បានទៅជាមួយនឹងចាំមើលថែ ការពារ ព្រមទាំងក្លាយទៅជាជំនួយការដ៏យល់ចិត្ត របស់តន់ ចន្ទសីម៉ា ។


កញ្ញា តន់ ចន្ទសីម៉ា បានចាប់ ផ្តើមសាងភាពល្បីល្បាញជាបន្តបន្ទាប់ ក្លាយជាតារាចម្រៀងល្បីឈ្មោះ ប្រចាំ ប្រទេស មានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់រៀមច្បងមុនៗប៉ុន្មានទេ ពីព្រោះសំនៀង របស់នាង មិនថាចង្វាក់បែបណា តារាចម្រៀងរូបនេះបកស្រាយរួចទាំងអស់ ទាំង បទមនោសញ្ចេតនា ញាក់កន្រ្ទាក់អារម្មណ៍ រួមទាំងបទចង្វាក់ បុរាណខ្មែរជាដើម។

យ៉ាងណាមិញប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រខ្លាំង តន់ ចន្ទសីម៉ា បានឱកាសចេញទៅ សម្តែងនៅប្រទេសកូរ៉េជា លើកដំបូង ជាមួយតារា ចម្រៀងល្បីៗជាច្រើន រូបទៀតក្នុងរដូវកាលភ្ជុំបិណ្ឌនេះ។ មិនត្រឹមតែ តារាស្រីរូបនេះ ក៏បាននាំទាំងម្តាយទៅជាមួយថែមទៀត នៅចាំមើលថានាងមិនព្រមលែង។

ទៅដល់ទឹកដីកូរ៉េ ភ្លាម កញ្ញា តន់ ចន្ទសីម៉ា បានបង្ហើបពីអារម្មណ៍ទៅកាន់ម្តាយថា «ម៉ាក់តាមមើលថែកូនរហូតតាំងពីកូននៅតូចរហូតដល់ធំថ្ងៃនេះមកដល់ប្រទេសកូរ៉េជាលើកទីមួយ ម៉ាក់ក្លាយជាជំនួយការដែលយល់ចិត្តកូន…» តាមការបញ្ជាក់របស់តារាចម្រៀងរូបនេះ បានឱ្យដឹងថា កម្មវិធីបុណ្យភ្ជុំបិណ្ឌ និង ប្រគុំតន្រ្តីខ្នាតធំលើ ទឹកដីកូរ៉េខាងត្បូងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ កញ្ញា ឆ្នាំ២០២២ នៅទីតាំងពហុកីឡាដ្ឋាន WA ទីក្រុងអានសាន៕
ដោយ៖ ម៉ានី
