ភ្នំពេញ៖ មហាជនជ្រាបមកហើយ បន្ទាប់ពីបរាជ័យក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី៣ របស់កុមារី ថា ស្រីណុច បានធ្វើឱ្យមហាជន និង គណៈកម្មការ រំជួលចិត្តជាខ្លាំងពីប្រវត្តិតស៊ូ គ្រួសារក៏មានជីវភាពខ្វះខាត ខំសន្សំលុយបន្តិច បន្តួចយកមកប្រលងក្នុងកម្មវិធី ។ ទោះបីជាកុមារីអាយុ១៣ឆ្នាំ រស់នៅខេត្ត មណ្ឌលគីរី រូបនេះមិនទទួលជោគជ័យក្នុងវគ្គ Blind Auditions ក្តីតែ ស្រីណុច ទទួលបានការអាណិតស្រលាញ់ ពីសប្បុរជនជាច្រើនរូប។

ក្នុងនោះ មិនត្រឹមតែសប្បុរសជន បង្ហាញក្តីអាណិតអាសូរ ដល់កុមារីរូបនេះតែប៉ុណ្ណោះទេ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវពីប្រវត្តិ និង រកលំនៅដ្ឋានរបស់ ថា ស្រីណុច ដើម្បីជូនអំណោយខ្លះៗដល់គ្រួសារកុមារីខាងលើនេះ ។

ជាមួយគ្នានេះ លោកវេជ្ជ. អ៊ុយ សំអាត អមដំណើរដោយលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារកុមារី ថា ស្រីណុច ដល់គេហដ្ឋានស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ផងដែរថា អំណោយដែលគ្រួសារកុមារី ស្រីណុច ទទួលបាន រួមមាន
អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ឃីត ២កញ្ចប់ (សារុង ក្រមា មុង ភួយ) ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន៕
ដោយ៖ ម៉ានី
