ភ្នំពេញ៖ ជារឿងដ៏ភ្ញាក់មួយសម្រាប់អ្នកគាំទ្រ និងអ្នកសិល្បៈចំពោះដំណឹងតារាសម្ដែង សិចស៊ី ឡុង ថាវរី នឹងចូលរោងការនៅថ្ងៃស្អែកនេះ ។

យោងតាមសកម្មភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញឱ្យដឹងថា នៅថ្ងៃស្អែកនេះ ឡុង ថាវរី នឹងចូលរោងការ ជាមួយបុរសវ័យក្មេងម្នាក់ ដែលជាមនុស្សក្រៅសិល្បៈ ពោលគឺជាអ្នកជំនួញវ័យក្មេង ហើយរូបសម្បត្តិក៏ស្រស់សង្ហារ មិនចាញ់តារាប្រុសមួយ ចំនួនប៉ុន្មានឡើយ ។ ហើយអ្វីដែលធ្វើឱ្យមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រលើកឡើងពេលនេះគឺថា ពិតជាមិននឹកស្មានសោះស្ងាត់ៗ ថាវរី មកពញ្ញាក់អារម្មណ៍តែម្ដង ។

ជាការពិតណាស់ សម្រាប់ដំណឹងចូលរោងការ របស់ស្រីស្អាតរូបនេះ ហាក់ដូចជាមានចេតនាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះកន្លងមក ពុំធ្លាប់មានព័ត៌មានណាមួយទាក់ទង នឹងទំនាក់ទំនងស្នេហារបស់ ឡុង ថាវរី និងអនាគតស្វាមីដែលត្រៀមនឹងក្រាបផ្ទឹមនៅថ្ងៃស្អែកនេះឡើយ ពោលគឺស្នេហារបស់គេទាំងពីរជាស្នេហា បែបលាក់បាំងស្ងាត់ៗ មិនបង្អួតភាពផ្អែមល្ហែមមុនរៀបការ ដូចគូស្នេហ៍តារាមួយចំនួនទៀតឡើយ ។

យ៉ាងណាមិញ បើក្រឡេកទៅមើល សកម្មភាពរបស់ ថាវរី និងគូស្នេហ៍របស់នាង កន្លងមកឃើញថា តាមពិតគេទាំងពីរនាក់ ក៏ធ្លាប់បានបង្ហាញសកម្មភាពរួមគ្នា នៅក្នុងជំនួបជាមួយគ្រួសារ ក៏ដូចជាមិត្តភក្ដិរួមការងារផងដែរ គ្រាន់តែពុំមានអ្នកចាប់អារម្មណ៍ប៉ុណ្ណោះ ។

គួរឱ្យដឹងផងដែរថា តារាសម្ដែងស្រី ឡុង ថាវរី កន្លងមកក៏ធ្លាប់មានព័ត៌មានចរចាម អារ៉ាមថា នាងធ្លាប់មានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយអតីត តារាកំប្លែងល្បី ឈ្មោះរបស់ស្ថានីយទូរទស្សន៍ CTN មួយរូប ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរទ្រនំ ទៅស្ថានីយទូរទស្សន៍ PNN វិញ ។ មួយទៀតនាង ក៏ត្រូវបានអ្នកគាំទ្រ ដឹងយ៉ាងច្បាស់ថា ធ្លាប់បានសាងសម្ព័ន្ធស្នេហ៍មានឈ្មោះជាសង្សារជាមួយតារាសម្ដែង អេដវីន កាលពីប្រមាណ ៥-៦ ឆ្នាំមុន ៕

ដោយ៖ ម៉ានី



