ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាចម្រៀង ជី ដេវីត បាន Diss Track ទៅ វណ្ណដា វិញមានចំណងជើងថា «ចុម អាអូនអត់ដេក» ឆ្លើយតបទៅបទ «J+0 II» របស់វណ្ណដា ដែលបានចេញកាលយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ ការចេញតបតនេះ កាន់តែធ្វើឱ្យបណ្តាញសង្គមប្រមូលផ្តុំ ដោយមតិវែកញែក ជា ច្រើនពីអ្នកគាំទ្រទាំងភាគីសងខាង ឌឺដងពាក្យសម្តីទៅវិញទៅមកមិនថា នៅលើ ហ្វេកប៊ុកឬនៅលើតិកតុក។

ទន្ទឹមនឹងសង្រ្គាម DISS TRACK រវាង វណ្ណដា និង ជី ដេវីត ងាកទៅកាន់ តារាចម្រៀង ទេព បូព្រឹក្ស កំពុងពរពោះបានបង្ហោះសារយ៉ាងក្រៀមក្រំ នៅលើ Story IG របស់នាងកាលពីម្សិលមិញនេះ មុន ជី ដេវីត ទម្លាក់បទតបទៅ វណ្ណដា។ ក្នុងសារក្រៀមក្រំរបស់ ទេព បូព្រឹក្ស ខាងលើនេះបានរៀបរាប់ថា « ហឹមកើតជាតិណាៗមិនប្រាថ្នា កើតជាមនុស្សទេ សូមឲ្យទៅកាន់ភពណាដែល លែងកើតមកទៀត គ្មានភាពឈឺចាប់ គ្មានការច្រណែនឈ្នានីស គ្មានការស្អប់ គ្មានការស្រលាញ់ គ្មានការចង់មានចង់បាន សូមព្រះប្រទានពរនេះឲ្យខ្ញុំផង» ។
ក្រោយពីបញ្ចេញសារបែបនេះ អ្នកគាំទ្រ ក៏ព្រួយបារម្ភពីសុខភាព ទេព បូព្រឹក្ស ដូចគ្នាព្រោះពេលនេះ នាងកំពុងតែមានផ្ទៃពោះ ដែលអាចប៉ះពាល់ទៅដល់កូនក្នុងផ្ទៃបាន៕ ដោយ៖ ម៉ានី




