សិល្បៈ និង កម្សាន្ត

លោក ខៀវ កាញ្ញារីទ្ធ ៖ លោកនឹងគាំទ្រ សហព័ន្ធកីឡារាំកម្ពុជា ឲ្យមានសកម្មភាព ប្រកួតទៀតទាត់

ភ្នំពេញ ៖ លោក ខៀវ កាញ្ញារីទ្ធ ជារដ្ឋមន្រ្តីព័ត៌មាន និងប្រធានកិត្តិយស សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា លោកនឹងគាំទ្រ សហព័ន្ធកីឡារាំកម្ពុជា ឲ្យមានសកម្មភាពទៀតទាត់ និង ជួយឧបត្ថម្ភ ព្រមទំាងជំរុញ ឲ្យសហព័ន្ធរៀបចំត្រីមាសម្តង ដោយធ្វើការប្រកួតផ្ទៃក្នុង នឹងផ្តល់រង្វាន់លើកទឹកចិត្ត កីឡាករ-កីឡាការិនីរាំ ប្រសិនបើគ្មានការប្រកួតទេ កីឡាករ-កីឡាការិនីរាំ មិនអាចដឹង ពីសមត្ថភាពបានឡើយ ។

លោក ខៀវ កាញ្ញារីទ្ធបានបន្តថា អរគុណដល់សហព័ន្ធខិតខំរកគ្រូបង្វឹក មកហ្វឹកហាត់ដល់កីឡាករ -កីឡាការិនីរាំនេះជាចំណុចដ៏ល្អ ហើយមួយជំហានៗ លោកនឹងជំរុញកីឡារាំនេះ ឲ្យកាន់តែរីកចម្រើនៗ ។ ដូច្នេះសហព័ន្ធត្រូវផ្តល់ ព័ត៌មាន ដល់ក្រុមអ្នកសារព័ត៌មាន គ្រប់សកម្មភាពកីឡារាំ នៅពេលហ្វឹកហាត់ ដើម្បីឲ្យការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅទូទំាំងប្រទេសកម្ពុជា ។

លោករដ្ឋមន្រ្តីព័ត៌មានបន្ថែមទៀតថា សព្វថ្ងៃនេះប្រជាជនគ្រប់គ្នាដឹងថា យើងកីឡារាំដោយសារប្រភេទ កីឡារាំធ្លាប់ទទួលរង្វាន់ ប៉ុន្តែដំណើរការយើង មិនសូវមានការផ្សព្វផ្សាយ តាមបណ្តាញទូរទស្សន៍ កាសែត វេបសាយ និងបណ្តាញផ្សព្វផ្សាយសង្គម នាពេលបច្ចុប្បន្ន ។

សហព័ន្ធកីឡារាំកម្ពុជា ការប្រកួតកីឡារាំជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ក្រោមគម្រោងថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡាដោយមានកីឡាករ-កីឡាការិនី៤០នាក់ ក្នុងនោះមានកីឡាការិនី ២១នាក់មកពីក្លិបចំនួន៦ រួមមានក្លិបរាំវេសឡាញ ក្លិបរាំក្រសួងមហាផ្ទៃ ក្លិបរាំកងទ័ពជើងទឹក ក្លិបរាំខេត្តកណ្តាល ក្លិបរាំខេត្តកំពង់ចាម និងក្លិបរាំTiny Toon ៕

Most Popular

To Top