ភ្នំពេញ៖ កន្លងមកថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាចម្រៀងរ៉េប វណ្ណដា , ឱក សុគន្ធកញ្ញា និង ជី ដេវិត នឹងមានវត្តមានក្នុងថ្ងៃតែមួយ នៅក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោដែល ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
តាមសេចក្តីជូនដំណឹងកន្លងមកបានបញ្ជាក់ឱ្យដឹងថា លោក ជី ដេវិត នឹងសម្តែងបទ «វីរៈនារី» ដែលជាបទចម្រៀងរបស់គូស្នេហ៍លោកគឺ ទេព បូព្រឹក្ស ចំណែកឯកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជ្រើសរើសយកបទ «រស់ជាខ្លួន» មកច្រៀងនិងសម្តែង រីឯ លោក វណ្ណដា នឹងបង្ហាញទស្សនីយភាពបទចម្រៀង «Time To rise» ដែលធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ឃើញពីការសម្តែង របស់អ្នកទាំងបីយ៉ាងខ្លាំង។
យ៉ាងណានៅល្ងាចថ្ងៃទី២៩ ខែ វិច្ឆិកា នៅលើទំព័រផេកផ្លូវការរបស់ Pleng បាន បញ្ជាក់ថាតារាចម្រៀង ជី ដេវិត នឹងបង្ហាញការសម្តែងយ៉ាងពិសេសដែលមាន សមាជិកចូលរួមអមក្នុងការសម្ដែងនេះ រហូតដល់ ១០០ នាក់ ឯណ្ណោះដើម្បី សម្តែងនៅក្នុងកម្មវិធីខាងលើនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី២១ កន្លងទៅក្នុងព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៣ តារាចម្រៀង ជី ដេវិត បានបកស្រាយបទចម្រៀងចំនួនបីបទ រួមមាន «ញីកែងជើង», «I’m Bored» និងបទ «MY Brother»៕ ដោយ៖ ម៉ានី