កំពូលតារាសម្ដែងហូលីវូដ អេនជេលីណា ជូលី បានធ្វើឲ្យមហាជន ជាពិសេសប្រជាជនកម្ពុជា ចាប់អារម្មណ៍លើអ្នកស្រីជាថ្មី បន្ទាប់ពីបញ្ចេញរូបថតម៉ាដុក ដែលត្រូវជាកូនចិញ្ចឹម កាលពីកុមារភាពជាច្រើនសន្លឹក តាមបណ្ដាញសង្គម។

ក្នុងពេលម៉ាដុក ធំពេញវ័យកម្លោះ និង មានឈ្មោះបោះសំឡេង លើវិស័យភាពយន្ដអន្ដរជាតិ ស្រាប់តែអ្នកស្រីរំលឹក អនុស្សាវរីយ៍របស់ខ្លួន ជាមួយកូនប្រុសចិញ្ចឹម ដែលជាកុមារាកម្ពុជាតែម្នាក់គត់ មានសំណាង ត្រូវបានតារារូបនេះ ស្មុំយកទៅចិញ្ចឹមបីបាច់ រហូតធំពេញវ័យ ហើយទទួលបានការអប់រំ និង ឱកាសការងារល្អទៀតផង។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អ្នកស្រី អេនជេលីណា ជូលី បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបញ្ចេញរូបថតម៉ាដុក ជាច្រើនសន្លឹក អមដោយសារមួយយ៉ាងខ្លីថា ៖ “Baby Madox “។ ក្រោយពីបញ្ចេញរូបថតទាំងនេះ មានពលរដ្ឋកម្ពុជាច្រើន បានកោតសរសើរអ្នកស្រី ចំពោះទឹកចិត្ដស្រឡាញ់ក្មេង និងប្រទេសកម្ពុជា។

ម៉ាដុក ដែលមានឈ្មោះដើមថា រ័ត្ន ជីវ័ន្ដ គឺជាកុមារកម្ពុជាតែម្នាក់គត់ ត្រូវបានអ្នកស្រី អេនជេលីណា និងអតីតស្វាមី ស្មុំពីមណ្ឌលកុមារកំព្រា ខេត្ដបាត់ដំបង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០០២ ទៅចិញ្ចឹមបីបាច់នៅសហរដ្ឋអាមេរិក ៕





