ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:០០នាទី បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រពលរដ្ឋរស់នៅក្រុងកោះរ៉ុង ជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូមានគោលបំណងទៅផ្ទះ ហើយក៏បានបុកជាមួយនឹងសត្វឆ្កែ រត់ឆ្លងផ្លូវ។

ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសរងគ្រោះ។ បុរសរងគ្រោះមាន ឈ្មោះ សុខ ថា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕










