សិល្បៈ និង កម្សាន្ត

ធ្លាប់ជិះកាត់​ថតរូប នៅខ្លោងទ្វារនេះ ច្រើនលើកហើយ! ស្គាល់ឈ្មោះអត់?

ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។

ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។

ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃខ្លោងទ្វារ ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង ៤ញញឹមស្វាគមន៍ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់អមសងខាងផ្លូវ ដោយឆ្លងកាត់កសិន្ធុទឹកព័ទ្ធជុំវិញក្រុងអង្គរធំ និងមានទាំងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាប ង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។

លោក វិន វ៉ុន ភ្នាក់ងារទេសចរណ៍ប្រចាំការនៅច្រកខ្លោងទ្វារដីឆ្នាំង បានឱ្យដឹងថា នៅទីតាំងនេះ មានប្លង់សម្រាប់ថតផ្តិតរូបភាពដ៏ទាក់ទាញមួយចំនួន ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិពេញនិយមថតរូបអនុស្សាវរីយ៍។

ជាពិសេសការថតផ្តិតយករូបភាព និងច្រមុះព្រហ្មនៃខ្លោងទ្វារ។

លើសពីនេះ ទីតាំងនេះពេញនិយមសម្រាប់ការថតរូបភាព មុនរៀបអាពាហ៍ពិពាហ៍មានជាហូរហែរមិនដែលដាច់ឡើយ។

ក្នុងនាមលោកជាភ្នាក់ងារទេសចរណ៍ មើលការខុសត្រូវ និងថែរក្សាសណ្តាប់ធ្នាប់ នៅទីតាំងខ្លោងទ្វារដីឆ្នាំង លោក វិន វ៉ុន បានជួយសម្រួលចរាចរណ៍ និងណែនាំភ្ញៀវទេសចរ ចៀសវាងភ្ញៀវប្រព្រឹត្តិមិនគប្បីនៅបរិវេណប្រាសាទបុរាណ។

លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរ និងអ្នកដឹកភ្ញៀវ ចូលរួមចតយានយន្តគ្រប់ប្រភេទ ទៅតាមចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ចៀសវាងការកកស្ទះ បង្ករគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុណាមួយ និងរក្សាសណ្តាប់ធ្នាប់ ព្រោះខ្លោងទ្វារដីឆ្នាំងនេះ មានតួនាទីសំខាន់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលក្នុងអតីតក្រុងអង្គរធំ នៃវង់ទស្សនាវង់ធំ និងភូមិនគរក្រៅផង៕ ប្រភព Sabay

Most Popular

To Top