គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រឿងរ៉ាវលោក បឺត សំរេច អះអាងថាខ្លួនជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅតែជាមន្ទិលរបស់មហាជននៅឡើយ។ ក្នុងពេលដែលអ្នកស្រាវជ្រាវប្រវត្ដិសិល្បករជំនាន់ដើមខ្លះ កំពុងស្វែងរកការពិតជុំវិញរឿងនេះ លោក បឺត សំរេច ថាបងប្រុស ស៊ីន ច័ន្ទឆាយ៉ា ធ្លាប់ធ្វើឲ្យលោកអន់ចិត្ដ ហើយមិនហ៊ានរំលឹករឿងពិតលោកជាបន្ដទៀត។
តាមរយៈបទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី១៣ ខែកក្កដា លោក បឺត សំរេច និយាយថា មុនឆ្នាំ២០១៥ ពោលគឺពេលដែលកូនប្រុសច្បងរបស់លោក ស៊ីន ស៊ីសាមុត គឺលោក ស៊ីន ច័ន្ទឆាយ៉ា មិនទាន់ស្លាប់ ហើយលោកច្រៀងនៅភោជនីយដ្ឋាន ឈូកទិព្វ រូបលោកបានស្កាត់ទៅជួប ដើម្បីសារភាពថារូបលោក និង ស៊ីន ច័ន្ទឆាយា គឺជាបងប្អូនគ្នាបង្កើត ប៉ុន្ដែត្រូវបងគ្រវាសដៃចេញ រួចចង្អុលមុខ ហើយស្ដីឲ្យថា៖“និយាយអីឆ្កួតៗអីចឹង”។

បឺត សំរេច៖ “ខ្ញុំធ្លាប់និយាយប្រាប់គេថា ខ្ញុំជាកូនបង្កើតរបស់ប៉ា ស៊ីន ស៊ីសាមុត តែភាគច្រើនគេអត់ជឿទេ រហូតដល់គ្រូបង្រៀនយើងផ្ទាល់ក៏អត់ជឿដែរ ជាពិសេសបងធំ(ស៊ីន ច័ន្ទឆាយ៉ា) កាលហ្នឹងខ្ញុំទៅសារភាពចំពោះមុខគាត់ផ្ទាល់ ហើយសំពះអង្វរគាត់ តែគ្រវាសយើងចេញ…ខ្ញុំអន់ចិត្ដខ្លាំងណាស់! តាំងពីហ្នឹងមកខ្ញុំលែងនិយាយអីទាំងអស់”។


អតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ បឺត សំរេច បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២៣ តាមរយៈកម្មវិធីកម្សាន្ដមួយឈ្មោះ “ចម្រៀងគ្រួសារខ្មែរ”។ ពេលនោះលោកអះអាងថា ម្ដាយរបស់លោកឈ្មោះ ធីម វិច្ឆរា ហើយឪពុកលោក គឺអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដោយលោកគឺជាកូនអត់ខាន់ស្លា។ ក្រោយពីទម្លាយរឿងនេះ បឺត សំរេច ក៏ទទួលបានជំនួយឧបត្ថម្ភ និងឱកាសបានច្រៀងជាច្រើនកម្មវិធី ពីសំណាក់ដែលជឿជាក់ថាលោកពិតជាកូនប្រុសបង្កើតរបស់លោក ស៊ីន ស៊ីសាមុត៕ ប្រភព៖ sabay
